រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update»ពីការចុះផ្សាយក្លែងបន្លំខ្សែបន្ទាត់ព្រំដែនតំបន់ភូមិព្រៃចាន់
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ដោយបានបញ្ជាក់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំពីទីតាំងភូមិសាស្រ្ត តំបន់ភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ 42 និងលេខ43 នៅតំបន់ភូមិព្រៃចាន់ ដែលនាំឱ្យមានការភាន់ច្រឡំថា ថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការ នៅតំបន់ ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និងលេខ 43។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបពីការពិត ដូចខាងក្រោម៖
១. ឯកសារដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និង ទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ42 និងលេខ43 ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពី ខ្សែព្រំដែនឡើយ។
២. ម្ចាស់គណនី Facebook Page ខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈ ភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនខាងលើ មកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទី រូបភាពផ្កាយរណប ដើម្បីបំភាន់សាធារណជនជាតិ និងអន្តរជាតិឱ្យមានការភាន់ច្រឡំថា ខ្សែព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែង ចម្រុះកម្ពុជា-ថៃ។
៣. ចេតនារបស់ប្រទេសថៃក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើពលរដ្ឋកម្ពុជា ដែលតវ៉ាដោយសន្តិវិធី គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់កម្លាំង ក្នុងការទាមទារយកដែន អធិបតេយ្យលើតំបន់ដែលមិនទាន់បានកំណត់ខណ្ឌសីមា ដោយបំពានលើកាតព្វកិច្ចនៃសន្ធិសញ្ញា និងការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោក (MoU 2000) ដែលជាក្របខ័ណ្ឌមូលដ្ឋានសម្រាប់ដោះស្រាយរាល់បញ្ហាព្រំដែន ដែលពុំទាន់ បានដោះស្រាយ។ លើសពីនេះ សកម្មភាពខាងលើបានជ្រៀតជ្រែកដោយផ្ទាល់ដល់អាណត្តិរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការវាស់វែង និងកំណត់ព្រំដែនដូចមានចែងក្នុង ប្រការ២ នៃ MoU 2000 ។
៤. កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដូចដែលបានតាំងចិត្តរួម ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈរក្សាការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវ គោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំង នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមរក្សាសិទ្ធិរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងមិនចាត់ទុកការប្រើប្រាស់ ច្បាប់ក្នុងស្រុករបស់ថៃ ថាមានប្រសិទ្ធភាពផ្លូវច្បាប់ ឬប៉ះពាល់ដល់ដំណើរការវាស់វែង និង ខណ្ឌសីមារួមនោះឡើយ។ ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ៕




ដោយ ៖ ម៉ាដេប៉ូ