ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវ​បុណ្យ​​ភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស ដូចឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាម​ផ្លូវសាធារណៈនានា។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានកត់សម្គាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅ​ទុក​ដាក់តាមទីលាន មានការថយចុះ ពី៣៣-៤៥ភាគរយ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជន​នៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់​រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា មានបរិមាណសំរាម ចំនួន ៤.២៦៩,៥០តោនក្នុងមួយថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញាសំរាម បានថយចុះមក​ត្រឹមចំនួន ២.៨០០,៨៨តោនក្នុងមួយថ្ងៃ (ថយចុះ៣៣%) និងនៅថ្ងៃទី២២ ខែកញ្ញា មកត្រឹម២.៣៧៧,២៧​តោនក្នុងមួយថ្ងៃ (ថយចុះ៤៥%)។

ឯកឧត្តមបន្តថា បើធៀបនឹងក្នុងរយៈពេលដូចគ្នា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ គឺនៅឆ្នាំ២០២៥នេះ បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ ធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់នៅទីលាន មានការកើនឡើង ពី២១-២៦ភាគរយក្នុងមួយថ្ងៃ គឺនៅឆ្នាំ២០២៤ នៅថ្ងៃភ្ជុំបិណ្ឌទី១ បរិមាណសំរាមមាន ២.២៣០,៧៧តោននៅថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌមានបរិមាណ ១.៩៦៤,២៩តោន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយកាត់បន្ថយការប្រើប្រាស់សំរាម កាបញ្ចេញសំរាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ព្រោះការចោលសំរាម និងសំណល់ប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ សោភណភាពទីក្រុង និងមូលដ្ឋាន​របស់យើងទាំងអស់គ្នា ជាពិសេសសំរាមនិងសំណល់ប្លាស្ទិក ប្រសិនជាមិនបានកាត់បន្ថយការប្រើប្រាស់​និងបញ្ចេញ​ចោលទេ វាបំពុលបរិស្ថាននិងការរស់នៅរបស់មនុស្សជាតិ។

ឯកឧត្តមបានបន្ថែមថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ មានលក្ខណៈ​ល្អប្រសើរ ជាពិសេសការបញ្ចេញសំរាមនៅតាមទីក្រុង មានការថយចុះ រួមទាំងមានការកាត់បន្ថយការប្រើប្រាស់​ថង់ប្លាស្ទិកផងដែរ បន្ទាប់ពីមានការជំរុញសកម្មភាពនៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២ឆ្នាំ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួម​ផ្លាស់ប្តូរការគិតវិជ្ជមានចំពោះការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកម្ពុជាមានភាព​ស្អាតទៅ​ថ្ងៃអនាគត។

សូមបញ្ជាក់ថា ភាពស្អាត ជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោម​តាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំភាពស្អាតរបស់កម្ពុជាចេញពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតកម្ពុជានៅលើឆាកអន្តរជាតិ ដែលក្នុងនោះជំរុញយុទ្ធានាការនានា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅក្នុងទឹក លើផ្ទៃដី និងលើផ្ទៃមេឃ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner