៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ៖កម្ពុជាធ្វើដំណើរលើផ្លូវអនុវត្ត និងការពារ

ភ្នំពេញ៖ដោយត្រឡប់ទៅរកអតីតកាលមុនបន្តិច គឺកាលពី​ជាង៣០​ឆ្នាំមុន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបាន​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋឡាយព្រះហស្ថ​លេខាលើព្រះរាជក្រមប្រកាសឱ្យ​ប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញនេះ​ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។

៣១ឆ្នាំក្រោយមកគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នៃ“​ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិមាន​ទីតាំងក្បែរ​វិមានឯករាជ្យ រាជធានីភ្នំពេញត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធ​ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែល​នាំទៅដល់ការបោះឆ្នោតនាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំ​ឡើងដោយអង្គការសហប្រជាជាតិដើម្បី​បង្កើត​សភាធម្មនុញ្ញ​មួយនៃប្រទេសកម្ពុជា។តួនាទីជាសារវន្តនៃសភាធម្មនុញ្ញ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញ​ថ្មីមួយ​របស់​កម្ពុជា និងប្រែក្លាយ​ខ្លួនទៅជាសភានីតិបញ្ញត្តិមួយដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។

គេពិតជាអាចនៅចងចាំបានថា សភាធម្មនុញ្ញត្រូវបានសម្ពោធជា​ផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោម​អធិបតីភាព​របស់​សម្តេចព្រះនរោត្តម សីហនុ ព្រមទាំងមានវត្តមាន​លោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេស​របស់អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិង​ភ្ញៀវអន្តរជាតិ​យ៉ាងច្រើនកុះករធ្វើជាសាក្សី។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាន១៦ជំពូក និង១៥៨មាត្រា។គិតត្រឹមខែកញ្ញាឆ្នាំ២០២៥ រដ្ឋធម្មនុញ្ញ​មួយនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១១លើក ដើម្បី​ស្របតាមសេចក្តីត្រូវការចាំបាច់ និងគុណប្រយោជន៍​​របស់ជាតិ។

រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។រដ្ឋធម្មនុញ្ញគ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈ របស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ កិច្ចការសង្គម និងការប្រព្រឹត្ត​ទៅនៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ព្រមទាំងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ក្រុមប្រឹក្សា​ធម្មនុញ្ញ។

គប្បីជម្រាបជូនថា កម្ពុជាបានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញ​សម័យទំនើប​លើក​ដំបូងនៅក្នុងឆ្នាំ១៩៤៧ ។រដ្ឋធម្មនុញ្ញ​ដែលកម្ពុជាកំពុង​ប្រើប្រាស់​នា​ពេលបច្ចុប្បន្នជា​រដ្ឋធម្មនុញ្ញ​លើកទី៦ ។

សម្រាប់ឆ្នាំ២០២៥ ក្នុងឱកាសខួប៣២ឆ្នាំនៃទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ក៏ត្រូវបានផ្សាភ្ជាប់ជាមួយវត្តមាននៃវិមាន​រដ្ឋធម្មនុញ្ញប្រកបដោយប្ញទ្ធានុភាពផងដែរ។ក្នុងព្រះរាជសុន្ទរកថារបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានាថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសសម្ពោធ​វិមានរដ្ឋធម្មនុញ្ញបានគូសរំលេចថា “អាស្រ័យដោយ​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មានអត្ថិភាព និងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេលមួយវែងក្នុង​ប្រវត្តិ​រដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្ន​ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ធានាបានភាព​រឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេល​វេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ​សម្រាប់​ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹង​នូវគុណ​បំណាច់របស់ឥស្សរជនស្នេហាជាតិ​ជាស្ថាបនិក​និងជាប្រតិបត្តិករ​នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំអំពីក្រមសីលធម៌ និងច្បាប់នានានៃព្រះរាជាណាចក្រ​កម្ពុជា។

ជាការពិត ជាសច្ចធម៌មិនអាចប្រកែកបានរយៈពេលជាង​៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាន​នយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំ​អនុវត្តផ្ទាល់ប្រកបដោយភាពបមិនប្រសប់ឈ្លាសវៃដ៏ឆ្នើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេច​សមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះ​មហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ​ថ្លៃថ្លា និងអរិយធម៌អង្គរដ៏​បវរ​កសាង​ប្រទេសជាតិទៅជា “កោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរព​ច្បាប់ ធ្វើឱ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន ។

ការគោរពនិងការពាររដ្ឋធម្មនុញ្ញនៅកម្ពុជា ក៏បានឆ្លុះបញ្ចាំងឱ្យ​ឃើញផងដែរនូវលើកកម្ពស់ប្រជាធិបតេយ្យសេរី
ពហុបក្ស តាមរយៈនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តជា​ទៀងទាត់ក្នុងរយៈពេលប្រាំម្តង ។ជាការបោះឆ្នោត
ដោយសេរី យុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន។

៣២ឆ្នាំនៃសមិទ្ធផលរដ្ឋធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតក​របស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ​ប្រកប​ដោយ​ភាពអង់អាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងកាល​បច្ចុប្បន្នដើម្បី​បន្តដឹកនាំ​កម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner