មកដឹងពីវិមានរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិ​មានទីតាំងក្បែរ​វិមានឯករាជ្យ រាជធានីភ្នំពេញ និងប្រើពេលវេលាសាង សង់មួយឆ្នាំដោយស្នាដៃស្ថាបត្យករជា​កូនខ្មែរត្រូវ​បានប្រារព្ធ​ព្រះរាជពិធីសម្ពោធកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ។ព្រះរាជពិធីសម្ពោធក៏ប្រព្រឹត្តទៅក្នុងឱកាស ដែលទូទាំងប្រទេសអបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)។

ដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញនេះឡើង គឺដោយ យល់ឃើញថារដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្ថលេខាប្រកាសឱ្យ ប្រើនៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មាន​អាយុកាល៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញដែល មានអត្ថិភាព និងស្ថិរភាពយូរអង្វែង​ជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ របស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង បោះ​ជំហានទៅមុខ សម្រេចបានសមិទ្ធផល ធម្មនុញ្ញគួរកត់សម្គាល់គឺ ប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម- នយោបាយរបស់កម្ពុជា ពិសេសក្នុង​ស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមាន​ខឿន​អារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពីបុរាណកាលមក។

ម្យ៉ាងទៀតទាក់ទងនឹងប្រវត្តិសាស្ត្រនៃការចាប់កំណើតរដ្ឋធម្មនុញ្ញនិយមនៅកម្ពុជា បើគិតពីរយៈពេលនៃការទទួល​យករដ្ឋធម្មនុញ្ញទំនើបដំបូងនៅឆ្នាំ១៩៤៧ មកទល់ពេលនេះ គឺមានរយៈពេលជិត៨ទសវត្សរ៍ហើយ ដែលកម្ពុជា​ពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរសាទររដ្ឋធម្មនុញ្ញនៅឡើយ ។អាស្រ័យហេតុនេះក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា ស្របពេលនៃការប្រារព្ធពិធីអបអរសាទររំលឹក​ខួប៣០ឆ្នាំ​នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជាសម័យកាលដ៏សមគួរសម្រាប់ការកសាងវិមាន​រដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក ជាមរតកដ៏វិសេសវិសាល និងជានីតិបូជនីយដ្ឋានជានិរន្តរ៍តទៅ។

វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិសខាងកើត។ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ៖

ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោមមានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរ សន្តិមូលសាល ជា​ទីតាំងស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ព្រះសិរមហាព្រហ្មកសាងពីសំរឹទ្ធ។ សសរស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធី​ទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក ឯកោ បញ្ចប់ សមាហរណកម្ម អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈប្រាំតួ គឺ “ប – ឯ – ប-ស -អ” ។

ផ្នែកទី២គឺតួមហាបុស្បុកមានទម្ងន់សរុបប្រមាណ១២តោនកសាងពីសំរឹទ្ធប្រមាណ៧០%ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណ។

ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជា សិលា-លោហប្រាសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាសំណង់សតវត្សរ៍ ក្នុងអនាគតកាល។

រាប់ចាប់ពីកាលបរិច្ឆេទបញ្ចុះបឋមសិលា ដោយប្រើរយៈពេលអស់ប្រមាណ១៤ខែក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់បណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុមអ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រសរុបចំនួន ៧០រូប ដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ​រហូតសម្រេច​បានជាមូលដ្ឋាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤៕

ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner