លោក ត្រាំ ថ្លែងនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់ដ៏អស្ចារ្យដល់ភេរវករហាម៉ាស»
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានប្រកាសនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់អស្ចារ្យបំផុត សម្រាប់ភេរវករហាម៉ាស»។
អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងជុំវិញជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកបានប្រកាសថា «កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំពិភពលោកនានា ដើម្បីឱបក្រសោបរដ្ឋប៉ាឡេស្ទីន ជាទង្វើមួយប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងក្លា ពីអ៊ីស្រាអែល»។
លោកបាននិយាយថា «រង្វាន់នឹងអស្ចារ្យពេកសម្រាប់ពួកភេរវករ Hamas សម្រាប់អំពើឃោរឃៅរបស់ពួកគេ» ដោយលោកបានអំពាវនាវម្តងទៀត ឱ្យមានការវិលត្រឡប់ នៃចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ចំណាប់ខ្មាំងដែលនឹងឃើញការវិលត្រឡប់នៃចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ ទាំងនៅរស់និងស្លាប់។
លោកបានបន្តថា «យើងត្រូវបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់។ យើងត្រូវតែចរចាសន្តិភាពជាបន្ទាន់»។
ក្នុងពេលមានវត្តមាននៅ UN លោក ត្រាំ ត្រូវពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាក្នុងអំឡុងពេលពិភាក្សា ជាមួយមេដឹកនាំឈូងសមុទ្រ មួយចំនួន។
ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើង ក្រោយពេលមេដឹកនាំពិភពលោកនានាប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាបន្តបន្ទាប់ រួមទាំង អង់គ្លេស បារាំង និងកាណដា៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត