ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសៃប៊័រ និងភាពធន់នឹងអាកាសធាតុ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងខណៈពេល ដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ។ សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ« រួមគ្នាដើម្បីភាពប្រសើរឡើង៖៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍន និងសិទ្ធិមនុស្ស» ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ សមភាគីបរទេស និងអង្គការអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព និងវិបុលភាពពិភពលោក ។
ខណៈដែលអង្គការសហប្រជាជាតិប្រារព្វខួបលើកទី៨០របស់ខ្លួន កម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការការពារសិទ្ធមនុស្ស ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ទទក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner