ថៃស្រុតផ្លូវជម្រៅរាប់សិបម៉ែត្រនៅបាងកក

បាងកក ៖ ផ្នែកមួយ នៃដងផ្លូវដ៏មមាញឹក ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ បានរលំបាក់ភ្លាមៗ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញានេះ ដោយបន្សល់ទុក នូវរណ្តៅដីជម្រៅរាប់សិបម៉ែត្រ នៅពីមុខមន្ទីរពេទ្យធំ និង បង្ខំមនុស្សនៅក្បែរនោះ ឱ្យជម្លៀសចេញ ជាបន្ទាន់។

អ្នកកាសែត AFP ដែលបានឃើញ នៅខាងក្រៅស្ថានីយ៍ប៉ូលីសក្នុងតំបន់ និងមន្ទីរពេទ្យ Vajira ស្ថិតក្នុងសង្កាត់លំនៅដ្ឋានមួយកន្លែង បានអះអាងថា រណ្តៅ ជម្រៅប្រហែល៥០ម៉ែត្រ បានទាញខ្សែភ្លើង និងបានលេចចេញបំពង់ ដែលហូរហៀរទឹកចេញ ពាសពេញទីនោះ។

ប៉ូលិស និងមន្ត្រីក្រុង រាប់សិបនាក់បានបិទកន្លែងនោះ ខណៈរថយន្តភីកអាប់ មួយគ្រឿង បានបើកបរយ៉ាងប្រយ័ត្នប្រយែង នៅគែម នៃរណ្តៅជ្រៅ។

លោក Suriyachai Rawiwan ប្រធាននាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ទីក្រុងបាងកក បានប្រាប់ AFP នៅកន្លែងកើតហេតុថា ការបាក់ស្រុតនេះ ទំនងជាប់ពាក់ព័ន្ធនឹងភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ ជាមួយនឹង បំពង់បង្ហូរទឹក ដែលលេចធ្លាយ។ តែ លោកបានអះអាងថា មិនមានអ្នករងរបួសទេ។

លោក Suriyachai បន្ថែមទៀតថា ទឹកដែលហូរ បាននាំយកដីល្បាប់ ធ្លាក់ចុះមកស្ថានីយ៍រថភ្លើងក្រោមដី ដែលកំពុងសាងសង់ បណ្តាលឱ្យមានការដួលរលំ។ ផ្លូវរូងក្រោមដីនេះគឺជាផ្នែកមួយ នៃសេវាកម្មផ្លូវក្រោមដី ដែលត្រូវបានសាងសង់ឡើង ដោយអាជ្ញាធរដឹកជញ្ជូនរហ័សរបស់រដ្ឋ ហើយ ស្ថាប័នមួយនេះ បានអះអាងថា ខ្លួននឹងស៊ើបអង្កេតរកមូលហេតុ នៃ ការបាក់ផ្លូវដ៏ធំ មួយនេះ។

មន្ទីរពេទ្យ Vajira ដែលជាកន្លែងបង្រៀន សម្រាប់ថ្នាក់ឧត្តមសិក្សាផ្នែកវេជ្ជសាស្ត្រមួយរបស់ប្រទេសថៃ បានអះអាង នៅក្នុងការបង្ហោះ Facebook ថា ខ្លួនផ្អាកសេវាកម្ម អ្នកជំងឺ ពីខាងក្រៅ ដោយបន្ថែមថា ពួកគេនឹង ចាប់ផ្តើមឡើងវិញ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោក Noppadech Pitpeng អាយុ២៧ ឆ្នាំ ជាបុគ្គលិកមន្ទីរពេទ្យ ដែលរស់នៅក្នុងអគារក្បែរនោះ បាននិយាយថា លោកមានការភ័យខ្លាច ដោយសំឡេងរោទ៍ នៅព្រឹកថ្ងៃពុធ ដែលធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំង។ លោកបាននិយាយថា «សំឡេងដូចជា បង្គោលភ្លើងអគ្គិសនីដួលរលំ ហើយផ្ទះរបស់ខ្ញុំ ទាំងមូល ញ័រភ្លាមៗ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner