បណ្ដាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃកម្ពុជា អបអរសាទរខួប ៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
(ភ្នំពេញ)៖ សម្ដេច ឯកឧត្តម លោកជំទាវ តាមបណ្ដារក្រសួងស្ថាប័ននានា បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៥) នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។
សូមជម្រាបថា ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្រ របស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង ។ ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ១៩៤៧ រហូតមកដល់ធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិនេះ ធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន៦លើក ដើម្បីតែការសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។
ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននឹងកំពុងក្លាយជាឯកសារដ៏កំពូលដែលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។
នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីរំលឹកខួប ៣២ ឆ្នាំ នៃរដ្ឋធម្មនុញ្ញលើកទី៦ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៥) ។ រដ្ឋធម្មនុញ្ញនេះ មិនមែនជាឯកសារច្បាប់ធម្មតាទេ ប៉ុន្តែជាលទ្ធផលនៃឈាម ការឈឺចាប់ និងការលះបង់ដ៏អស្ចារ្យរបស់ជនរួមជាតិខ្មែរទាំងមូល ក្នុងការទាមទារដើម្បីទទួលបានច្បាប់ដ៏ពិសិដ្ឋ ដែលការពារទឹកដី ប្រជាជន និងផលប្រយោជន៍ជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមដោយប្រកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (Constitution Day) ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។
សម្ដេចតេជោបន្តថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។
សម្ដេចបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។
សម្ដេចបន្ថែមថា នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣២ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ , ២)នីតិប្រតិបត្តិ, ៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម ។
ក្នុងរយៈពេល ៣២ឆ្នាំ រដ្ឋធម្មនុញ្ញនេះ បានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការកំណត់អធិបតេយ្យភាពជាតិ តួនាទីព្រះមហាក្សត្រ អំណាចរដ្ឋ សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាទិសដៅដ៏ច្បាស់លាស់នៃការអភិវឌ្ឍន៍ប្រទេសជាតិ ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ គ្រី សម្បត្តិ












