UNសាទដល់កម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

(ញូវយ៉ក)៖ ប្រទេសកម្ពុជាក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរ និងការចូលរួមរបស់កម្ពុជា ជាមួយប្រទេសប្រទេសឈានមុខគេ របស់អង្គការសហប្រជាតិ ក្នុងកិចច្ចព្រមព្រៀងដ៏សំខាន់នេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅស្របជាមួយសប្តាហ៍ពិសេសជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានវត្តមានមេដឹកនាំនៃបណ្តាប្រទេសរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនមកពីជុំវិញពិភពលោក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ពីមោទកភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ដែលនាំសុខសន្តិភាព និងការបង្រួមបង្រួមជាតិ និងបានដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដៅយចីរភាព និងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលបានបន្តដឹកនាំប្រទេសឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាមានការអភិវឌ្ឍជឿនលឿន និងជាប្រទេសអព្យាក្រឹតកាបូន។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យប្រទេសកម្ពុជា ក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

សូមបញ្ជាក់ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ជាលទ្ធផល កម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ ក្លាយជាសមាជិកស្ថាបនិកមួយនៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះនៅក្នុងតំបន់លើសពីយុត្តាធិការជាតិ (BBNJ) ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសមុទ្រខ្ពស់ គឺជាឯកសារផ្លូវច្បាប់ដ៏លំបាកបំផុតមួយ ក្នុងការចរចានៅអង្គការសហប្រជាជាតិ (UN) នាពេលកន្លងមក។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធាន សមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅផែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត។ ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រដោយមានភាគីពាក់ព័ន្ធនានាចូលរួមរួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner