សម្តេច ម៉ែន សំអន ស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និងត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
(ខេត្តបន្ទាយមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងទ័ព និងកងនគរបាល ក្រុមគ្រូពេទ្យ ប្រជាការពារភូមិ និងប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង មន្ត្រីរាជការខេត្តជុំវិញខេត្ត ។
ថ្លែងក្នុងឱកាសនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ព និងប្រជាពលរដ្ឋជានិច្ច ។
សម្តេចកិត្តិសង្គហបណ្ឌិតបានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន សូមមានការយោគយល់ពីទឹកចិត្តកងកម្លាំងនៅព្រំដែនដែលមានជម្លោះជាមួយប្រទេសថៃ ត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និងត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ ៕
ដោយ ៖ ថេត វិចិត្រ






