ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ប្រជាពលរដ្ឋខេត្តកំពង់ចាមយ៉ាងច្រើនកុះករ បានសម្រុកធ្វើដំណើរទៅភ្នំពេញវិញ តាមរយៈរថយន្តរបស់រាជរដ្ឋាភិបាលជិះដោយឥតគិតថ្លៃ
(កំពង់ចាម)៖ គិតត្រឹមវេលាម៉ោង ៨៖០០ នាទីព្រឹកត្រូវនិងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចំនួន៣៣៨នាក់ បានសម្រុកធ្វើដំណើរវិលត្រឡប់ពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ តាមរយៈរថយន្តដឹកអ្នកដំណើររបស់រាជរដ្ឋាភិបាលចំនួន៩គ្រឿង ជិះដោយឥតគិតថ្លៃ ដើម្បីចូលរួមជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីតែម្តង។
ដោយមានការសប្បាយចិត្តរីករាយ សម្តែងអារម្មណ៍រំភើបដោយបានជិះឡានក្រុងដោយឥតគិតថ្លៃ ក្នុងពេលនោះ បងប្អូនប្រជាពលរដ្ឋជាច្រើន បានថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ព្រមទាំង ដឹកវិលត្រលប់ទៅរាជធានីភ្នំពេញវិញ ដោយអស់ប្រាក់លើការចំណាយថ្លៃធ្វើដំណើរ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីផលលំបាករបស់បងប្អូនប្រពលរដ្ឋគ្រប់កាលៈទេសៈ ជាក់ស្តែងជារៀងរាល់ឆ្នាំមិនថាពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះទេ តែងតែបានត្រៀមរថយន្តក្រុងដឹកជញ្ជូនដោយឥតបង់ប្រាក់ ទាំងទៅស្រុកកំណើត ព្រមទាំង វិលត្រលប់ទៅរាជធានីភ្នំពេញវិញ ខណៈដែលភ្ជុំបិណ្ឌទើបតែបញ្ចប់នេះភ្លាមៗនេះ មានប្រជាពលរដ្ឋយ៉ាងច្រើន កុះករបានសម្រុកមកប្រើប្រាស់ឡានក្រុងរបស់រាជរដ្ឋាភិបាល ៕






ដោយ ៖ លីពៅ