អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កង​ទ័ពជើង​គោកថៃ និងសារព័ត៌មាន​របស់​ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយ​យប់នៅតំបន់យោធភូមិភាគទី២” ដោយឮសំឡេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើង​របស់ភាគីថៃឡើយ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញ​លេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាង​យោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕
ដោយ៖ពលជ័យ

ads banner