ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ប្រជាពលរដ្ឋ កម្មករកម្មការិនី បានធ្វើដំណើរ មកភ្នំពេញវិញ តាមរយៈរថយន្តក្រុងរាជរដ្ឋាភិបាលជិះដោយឥតគិតថ្លៃនៅចំណតរថយន្តក្រុងកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ គិតត្រឹមថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រជាពល
រដ្ឋបានធ្វើដំណើរវិលត្រឡប់ទៅរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងដឹកអ្នក
ដំណើររបស់រាជរដ្ឋាភិបាលចំនួន៩គ្រឿង ជិះដោយឥតគិតថ្លៃ ដើម្បីចូលរួមជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីតែម្តង។
លោកជា សុខរិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក យិន បូរិន្ទ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងសហការីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីក្រោយពេលដែលពួកគាត់មកលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនិងបានវិលត្រឡប់ទៅកន្លែងធ្វើការបំពេញការងារវិញ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អនឹងធ្វើដំណើរមានសុវត្ថិភាពតាមផ្លូវទាំងអស់គ្នា។
បងប្អូនប្រជាពលរដ្ឋជាច្រើន បានថ្លែងអំណគុណដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ព្រមទាំង ដឹកវិលត្រលប់ទៅរាជធានីភ្នំពេញវិញ ដោយមិនអស់ប្រាក់លើការចំណាយថ្លៃធ្វើដំណើរនោះឡើយ៕




សុខ គឹមសៀន