ក្រសួងការពារជាតិ ៖ កងកម្លាំងថៃជាអ្នកបានផ្ទុះអាវុធដោយខ្លួនឯងចំនួន ៤គ្រាប់ ប៉ុន្តែសារព័ត៌មានថៃបែរជាផ្សាយចោទលើកម្ពុជាទៅវិញ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី បានធ្វើការច្រានចោលចំពោះសារព័ត៌មានថៃដែលបានផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយចោទមកកម្ពុជាថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ការច្រានចោលព័ត៌មានមិនពិតនេះ បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ ដោយបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
ផ្ទុយពីការចោទប្រកានពីភាគីថៃមកលើកម្ពុជា សេចក្តីរាយការណ៍ពីកងកម្លាំងកម្ពុជា ដែលឈរជើងនៅជួរមុខបានឲ្យដឹងថា នៅរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្ទុះការបាញ់កាំភ្លើងពីខាងភាគីថៃចំនួន ៤គ្រាប់ គឺនៅវេលាម៉ោង ២ និង៥៧នាទីព្រឹក ចំនួន ១គ្រាប់, ម៉ោង ៥ និង០០នាទី ចំនួន ១គ្រាប់, ម៉ោង៦ និង០០នាទី ចំនួន ១គ្រាប់ និងម៉ោង ៧និង០០នាទី ចំនួន ១គ្រាប់ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ជាថ្មីទៀតថា កងកម្លាំងរបស់កម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រសួងការពារជាតិ
