លោក ត្រាំ ឲ្យស៊ើបអង្កេតបញ្ហាគាំងជណ្ដើរយន្ដនៅ UN
អ.ស.ប ៖ លោក ដូណាល់ ត្រាំ បញ្ជាឲ្យស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដ នៅទីស្នាក់ការ អង្គការសហប្រជាជាតិ ហៅកាត់ UN ។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថា Secret Service ឬ កងការពារប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅ UN ដែលធ្វើឱ្យជណ្ដើរយន្ដគាំង។ តែ លោកក៏ភ្ជាប់ ២រឿង ទៀតដែរ នោះ គឺ អេក្រង់អានសុន្ទរកថា រលត់ និងបញ្ហាសំឡេងបង្កការរំខាន ដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។
លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថា រូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវ ឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះ ទៀតផង។
លោក ត្រាំ បន្តថា អេក្រង់អានសុន្ទរកថា របស់លោកក៏បានរលត់ផងដែរ នៅពេលរូបលោកចាប់ផ្ដើមថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០ ហើយថា មេដឹកនាំពិភពលោកប្រហែលស្ដាប់មិនឮរូបលោកនិយាយ ដោយសារប្រព័ន្ធសំឡេងមានបញ្ហា។ លោកសង្កត់ធ្ងន់ថា «ជាបញ្ហាកើតឡើង ៣លើក ជាប់ៗគ្នា»។
យ៉ាងណា ក្រុមមន្ត្រី UN បាននិយាយថា មុខងារសុវត្ថិភាពរបស់ជណ្ដើរយន្ដ ត្រូវបានផ្អាកដំណើរការដោយចៃដន្យ រីឯអេក្រង់អានសុន្ទរកថារបស់លោក ត្រាំ គឺត្រូវបានធ្វើប្រតិបត្តិការដោយសេតវិមាន មិនមែនដោយ UN នោះទេ។ ក្រោយឧបទ្ទវហេតុទាំងនេះកើតឡើង លោក ត្រាំ បានស្នើទៅកាន់ UN ឱ្យរក្សាទុកកាមេរ៉ាសុវត្ថិភាព និងទាមទារឱ្យមានការស៊ើបអង្កេត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត