រុស្ស៊ី ថា ខុសហើយដែលគិតថា អ៊ុយក្រែនអាចយកដីមកវិញ

មូស្គូ ៖ វិមានក្រឹមឡាំងអះអាងថា ជារឿងខុសឆ្គង ដែលគិតថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីមកវិញ។

វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃពុធ ថា «វាជារឿងខុសឆ្គង ដែលគិតថា អ៊ុយក្រែនអាចដណ្តើមយកមកវិញ នូវទឹកដីដែលកាន់កាប់ ដោយកងទ័ពរបស់ទីក្រុងមូស្គូ»។

មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ទីក្រុង Kyiv អាចរុញកងកម្លាំងរុស្ស៊ី ចេញពីប្រទេសទាំងស្រុង អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន រួមទាំង AFP ថា «គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញ នូវអ្វីមួយ តាមទស្សនៈរបស់យើង គឺខុស»។
វិមានក្រឹមឡាំង ក៏បានរុញច្រានចោលនូវចរិតលក្ខណៈរបស់លោក Trump ចំពោះ ការចាត់ទុក រុស្ស៊ីថា ជា “ខ្លាក្រដាស” ផងដែរ។

ការកត់សម្គាល់របស់លោក Trump ទាំងនេះ បានធ្វើឡើង បន្ទាប់ពីលោកមានកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅអង្គការសហប្រជាជាតិ ហើយ ត្រូវបានចាត់ទុកថា ជាជំហរគួរឲ្យកត់សម្គាល់ ចំពោះជម្លោះរយៈពេល ៣ ឆ្នាំ កន្លះ។

រុស្ស៊ីបានចាប់ផ្តើមការវាយលុកទាំងស្រុង លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលកងកម្លាំងរបស់ខ្លួន ព្យាយាមដណ្តើមយករដ្ឋធានី Kyiv ហើយលោក Putin បានអំពាវនាវ ជាសាធារណៈឱ្យ Zelensky ត្រូវផ្តួលរំលំ។

ចាប់តាំងពីពេលនោះមក ជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ បំផ្លិចបំផ្លាញភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន និងបង្ខំមនុស្សរាប់លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner