អ៊ុយក្រែនបាញ់ធ្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកមានតម្លៃរាប់លានដុល្លារបស់រុស្ស៊ី

កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-34 របស់រុស្ស៊ី ដែលមានតម្លៃចន្លោះពី ៣០ ទៅ ៥០លានដុល្លារក្នុងមួយគ្រឿង នៅឯតំបន់ Zaporizhzhia នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា យន្តហោះចម្បាំង Su-34 របស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅឯតំបន់ Zaporizhzhia ជាទីតាំងនៅសមរភូមិជួរមុខ។ យន្តហោះចម្បាំងនេះត្រូវបានគេរាយការណ៍ថា មានគោលដៅវាយប្រហារលើទីក្រុង Zaporizhzhia តាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាស។

ភ្លាមៗ សារព័ត៌មាន Kyiv Independent នៅមិនអាចស្វែងរកប្រភពមកបញ្ជាក់ពីព័ត៌មានលំអិតបន្ថែម ថាតើអ្នកបើកយន្តហោះនោះស្លាប់ ឬរងរបួសនៅឡើយទេ ខណៈដែលខាងភាគីរុស្ស៊ីក៏មិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយដែរ។

គួរកត់សម្គាល់ យន្តហោះចម្បាំង Su-34 របស់រុស្ស៊ី គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងបំពាក់ជាមួយម៉ាស៊ីនភ្លោះ។ Su-34 មានសមត្ថភាពទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលចំគោលដៅជាក់លាក់ ហើយយន្តហោះប្រភេទនេះទៀតសោត ត្រូវបានរុស្ស៊ីបញ្ជូនទៅបំពេញបេសកកម្មជាច្រើន ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន៕

ប្រភព ៖ Kyiv Independent និង technology ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner