លោក ត្រាំ ថា អាចលក់យន្តហោះចម្បាំងឲ្យតួកគី បើឈប់ទិញប្រេងរុស្ស៊ី

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានបង្ហើបថា អាមេរិកអាចនឹងព្រមលក់យន្តហោះចម្បាំងបំបាំងកាយឲ្យតួកគី បើប្រទេសនេះ ឈប់ទិញប្រេងពីរុស្ស៊ី។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន។ លោក Erdogan កំពុងធ្វើទស្សនកិច្ច លើកដំបូងរបស់លោក ទៅកាន់សេតវិមាន ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយនៅឆ្នាំដដែលនោះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដកតួកគី ចេញពីកម្មវិធីយន្តហោះ F-35 ជុំវិញការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។

លោក Trump បាននិយាយថា ពួកលោកពិភាក្សា “យ៉ាងយកចិត្តទុកដាក់” អំពីការបញ្ចប់ ភាពប្រេះឆា លើយន្តហោះបច្ចេកវិទ្យាខ្ពស់ ហើយបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ជុំវិញមីស៊ីល S-400 របស់រុស្ស៊ី ប្រសិនបើកិច្ចប្រជុំដំណើរការល្អ។

ប៉ុន្តែ លោកក៏បានជំរុញបញ្ហាសំខាន់របស់អ៊ុយក្រែន ជាមួយលោក Erdogan ដែលប្រទេសរបស់លោកបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិ លើទីក្រុងម៉ូស្គូ ហើយថែមទាំងបានបង្កើនការទិញប្រេង ពីរុស្ស៊ីទៀតផង។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ រយៈពេលពីរម៉ោង នៅក្នុងការិយាល័យ Oval Office ថា «ខ្ញុំចង់ឱ្យគាត់បញ្ឈប់ការទិញប្រេងណាមួយ ពីប្រទេសរុស្ស៊ី ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន»។

លោក Trump បាននិយាយថា លោក Erdogan មានឥទិ្ធពល លើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែ លោកបានបន្ថែមថា «អ្វីដែលល្អបំផុតដែលគាត់អាចធ្វើបាន គឺមិនត្រូវទិញប្រេង និងឧស្ម័ន ពីរុស្ស៊ីទេ»។

យោងតាមវិទ្យាស្ថាន Bruegel របស់អឺរ៉ុប បានឱ្យដឹងថា ប្រទេសទួកគី គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីបួន របស់រុស្ស៊ី ដែលបានកើនឡើងដល់ ៥២ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម កាលពីឆ្នាំមុន ដែលភាគច្រើន ជាឥន្ធនៈហ្វូស៊ីល និង គ្រឿងអេឡិចត្រូនិច។

ជាការកត់សម្គាល់ លោក Trump បានបង្ហាញពីការផ្លាស់ប្តូរជំហរ ដ៏សំខាន់មួយ កាលពីដើមសប្តាហ៍នេះ ដោយលោកអះអាងថា ពេលនេះ លោកជឿថា អ៊ុយក្រែនអាចឈ្នះសង្រ្គាម ហើយបានទទូចថា សម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែបញ្ឈប់ការទិញប្រេង និងឧស្ម័ន របស់រុស្ស៊ី មុនពេលដែលលោក ដាក់ទណ្ឌកម្មបន្ថែមទៀត លើទីក្រុងម៉ូស្គូ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner