ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ «កិច្ចគាំពារសង្គម ដើមី្បផលិតភាព»

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គម ដើមី្បផលិតភាព» ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងកម្មករ កម្មការនី មកពីគ្រប់គ្រឹះស្ថាន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាននានាក្នុងខេត្ត សរុបជាង៤០០នាក់។

ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងរំលឹក និងឧទ្ទិសគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់កម្មករ ដែលបានប្រឹងប្រែងពុះពារ និងប្តូរជីវិត ដើមី្បការងារសិទ្ធិកម្មករទាំងមូល និងធានាដល់សិទ្ធ ពលកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ១ឧសភា ១៨៨៦-២០១៩ ដល់អ្នកចូលរួមហើយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានរំលឹកផងដែរថា ព្រឹត្តិការណ៍ទិវាពលកម្មអន្ដរជាតិ១ឧសភា ត្រូវបានប្រារឰជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរោងចក្រ សហគ្រាសនានា ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកម្សាន្តសប្បាយ ពិធីជប់លៀង រាំកម្សាន្ត រៀបចំដំណើរទេសចរណ៍ រៀបចំឲ្យកម្មករកម្មការិនីសម្រាកលំហែ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥» និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ព្រមទាំងកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលនឹងត្រូវប្រកាសឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៩នេះ។ ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ប្រកបដោយសមធម៌ ។ គោលនយោបាយនេះ ក៏ត្រូវបានរៀបចំឡើងឲ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ផង ដោយផ្តោតសំខាន់លើសសរស្តម្ភបី គឺ  លើការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ លោកក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងបន្តកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈប្រកបដោយតម្លាភាព ដើមី្បធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខដុមនីយកម្មទំនាក់ទំនងវីជ្ជាជីវៈ និងលើកកម្ពស់ផលិតភាព និងជីវភាព។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ និងពន្យល់ដល់បងប្អូនជាកម្មករ កម្មការិនី ក៏ដូចមន្ត្រីរាជការទាំងអស់ អំពីអត្ថន័យទិវាពលកម្មអន្តរជាតិ ១ឧសភា ជាសមទ្ធិផលរបស់មនុស្សជាតិ ដែលបានបង្កើតឡើង នូវលក្ខខណ្ឌការងារស្តង់ដារមួយសម្រាប់អនុវត្តពេលបច្ចុប្បន្ន ទាំងលើសកលលោក និងកម្ពុជា។ ដើមី្បឆ្លើយតបទៅនឹងស្មារតីថ្ងៃ១ឧសភានេះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់ និយោជក និយោជិត កម្មករ អង្គការសហជីព អង្គការជាតិ អន្តរជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការងារនេះ ដើមី្បសម្រេចមហិច្ឆិតាប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ទៀតផង៕ម.ន ដោយៈ ម៉ី សុខារិទ្ធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner