មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុន ធ្វើកិច្ចពិភាក្សាតាមទូរសព្ទសាជាថ្មីទៀត ផ្តោតសំខាន់លើការធ្វើតេស្តមីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើង
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរសព្ទជាថ្មីម្តងទៀតនៅថ្ងៃចន្ទដើមសប្តាហ៍នេះ អំពីការឆ្លើយតបរបស់ពួកលោក ចំពោះការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
លោក ស៊ីនហ្សូ អាបេ បានថ្លែងប្រាប់សារព័ត៌មានក្រោយបញ្ចប់កិច្ចសន្ទនាថា មេដឹកនាំប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាដោយផ្តោតសំខាន់លើបញ្ហាកូរ៉េខាងជើង ជាពិសេសគឺគ្រាប់មីស៊ីលដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈក្រុមអ្នកជំនាញអាម៉េរិក-ជប៉ុននឹងចូលរួមធ្វើការងាររួមគ្នា ដើម្បីស្រាយបំភ្លឺថាតើមីស៊ីលប្រភេទអ្វី ដែលទីក្រុងព្យុងយ៉ាងធ្វើតេស្តចុងក្រោយនេះ។

ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតធើថា រូបលោក និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានពិគ្រោះយោបល់គ្នាស្តីពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម ហើយប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានកត់សម្គាល់ពីការសន្ទនាគ្នានោះថា គឺពិតជាការជជែកគ្នាដ៏ល្អណាស់៕ម.ន

