បារាំងអួតថា ខ្លួនអាចផលិតយន្តហោះចម្បាំងជំនាន់ថ្មីដោយខ្លួនឯង ទោះបីគ្មានអាល្លឺម៉ង់

ប៉ារីស ៖ បារាំងបានប្រកាសក្តែងៗថា ប្រទេសខ្លួនមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការផលិតយន្តហោះចម្បាំងថ្មីតែម្នាក់ឯង បើទោះបីជាអាល្លឺម៉ង់ចង់ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារក៏ដោយ។

បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បាននឹងកំពុងធ្វើការងារលើការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មីនាពេលអនាគត ដែលរចនាឡើងជាប្រភេទយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែគម្រោងខ្នាតយក្សមានតម្លៃខ្ទង់ ១១៨ ពាន់លានដុល្លារមួយនេះ ហាក់ជាប់គាំងដោយសារតែភាពប្រេះស្រាំរវាងក្រុមហ៊ុន Dassault និង Airbus ដែលតំណាងឱ្យផលប្រយោជន៍របស់អេស្ប៉ាញ និងអាល្លឺម៉ង់។

នៅពេលត្រូវបានសាកសួរថាតើ Dassault ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង Rafale អាចបង្កើតយន្តហោះចម្បាំងជំនាន់ទី៦ ដោយខ្លួនឯងបានទេ បើសិនគ្មានអាល្លឺម៉ង់ជួយ?

លោក Eric Trappier ប្រធានក្រុមហ៊ុនការពារជាតិបារាំងនេះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់គាត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតយន្តហោះចម្បាំងអឺរ៉ុបនាពេលអនាគតដោយខ្លួនឯង។

លោកថា លោកមិនខ្វល់ទេ ទោះបីជាអាល្លឺម៉ង់ចង់ដកខ្លួនចេញពីគម្រោងនេះក៏ដោយ និងថា បើសិនអាល្លឺម៉ង់ចង់ផលិតយន្តហោះចម្បាំងដោយខ្លួនឯង ដូច្នេះទុករឿងនេះឲ្យពួកគេធ្វើវាដោយខ្លួនឯងចុះ។

សូមបញ្ជាក់ថា បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានចាប់ដៃគ្នាផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងពហុជាតិ មានឈ្មោះថា Future Combat Air System ហៅកាត់ (FCAS) ចាប់តាំងពីឆ្នាំ ២០១៧ ក្នុងគោលបំណងជំនួសយន្តហោះចម្បាំងស៊េរីចាស់ Rafale របស់បារាំង និងយន្តហោះ Eurofighter ដែលប្រើដោយប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner