ឯកឧត្តម ម៉ម ប៊ុននាង ៖ អំណោយមនុស្សធម៌ផ្នែកសុខាភិបាល ៥០លានដុល្លារអាមេរិក ពីកូរ៉េ ត្រូវបានគ្រប់គ្រង និង ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានបញ្ជាក់ថា ក្រោមការសម្របសម្រួលប្រកបដោយប្រសិទ្ធសភាពរបស់ ឯកឧត្តម សុខ សំណាង ប្រធានកិត្តិយសនៃសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា គណៈកម្មការទី១០ព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីទទួលនិងប្រគល់អំណោយមនុស្សធម៌ផ្នែកសុខាភិបាល ដែលរួមមានឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០លានដុល្លារអាមេរិក ដែលអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) ដោយជំនួយមនុស្សធម៌ខាងលើនេះ ត្រូវបានគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកប្រធានសមាគម ឯកឧត្តមប្រធានកិត្តិយសសមាគម និងគណៈប្រតិភូទាំងអស់ ជាពិសេសលោកស្រីសាស្ត្រាចារ្យ ស៊ីលៀ តាន់ តំណាង ជាន់ខ្ពស់នៃស៊ីងហ៊ែលសឺវីសសិង្ហបុរី លោកស្រី អេលីហ្សាបែត អេនដឺសុន តំណាងសមាគមគ្រូពេទ្យព្យាបាលដោយចលនាពិភពលោក និងលោក សុខ ចាន់ចំណាប់ មន្ត្រីសម្របសម្រួលដៃគូយុទ្ធសាស្ត្រនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ ហៅកាត់ថា ACCESS 2 ។
ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានជម្រាបជូនដល់គណៈប្រតិភូសមាគមគ្រូពេទ្យ អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបំពេញមុខងារស្នូលរបស់គណៈកម្មការទី១០ ដែលរួមមានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារស្រាវជ្រាវព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច ព្រមទាំងសមិទ្ធផលនៃការបំពេញមុខងារសហប្រតិបត្តិការជាមួយអង្គការ សមាគមជាតិ និងអន្តរជាតិ ។
លោក ហៀម ហឿង ប្រធានសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា បានឱ្យដឹងថា សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៅឆ្នាំ១៩៩៧ និងបានក្លាយជាសមាជិករបស់សមាគមពេទ្យព្យាបាលដោយចលនាពិភពលោក ដែលមានសមាជិក១២៧ប្រទេស នៅឆ្នាំ២០២៥នេះ ។ កន្លងមក សមាគមបានសហការយ៉ាងជិតស្និតជាមួយដៃគូ និងអ្នកជំនាញការអន្តរជាតិ មានមកពីប្រទេសសិង្ហបុរី ជប៉ុន អូស្ត្រាលី និងអង់គ្លេស ដើម្បីធ្វើការអប់រំ បណ្តុះបណ្តាល ការផ្តល់សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម និងការបង្ការជំងឺមិនឆ្លង ដល់និស្សិតពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ឯកឧត្តម សុខ សំណាង ប្រធានកិត្តិយសសមាគម បានបញ្ជាក់ថា សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា គឺជាសមាគមតំណាងវិជ្ជាជីវៈព្យាបាលដោយចលនាតែមួយគត់នៅកម្ពុជា ដើម្បីអភិវឌ្ឍវិជ្ជាជីវៈព្យាបាលដោយចលនា និងចូលររួមចំណែកក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ជូនប្រជាពលរដ្ឋឱ្យត្រឡប់មកប្រក្រតីភាពឡើងវិញ ។
ជាមួយគ្នានោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏ថ្លៃថ្លា និងសមិទ្ធផលដ៏ធំធេងរបស់សមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ឯកឧត្តមជឿជាក់ថា សិស្សនិស្សិត និងប្រជាពលរដ្ឋកម្ពុជា នឹងទទួលបាននូវចំណេះដឹងខ្ពស់ និងការព្យាបាលដោយចលនា ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ៕





ដោយ / គ្រី សម្បត្តិ