កម្ពុជា បង្ហាញប្រាប់ការពិតទៅអន្តរជាតិ ពីភាពវិវត្តចុងក្រោយ នៃជំលោះព្រំដែនកម្ពុជ-ថៃ នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្រោយមានការបំភ្លើសព័ត៌មានពីភាគីថៃ

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានបង្ហាញប្រាប់ពីការពិត និងភាពវិវត្តថ្មីៗជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការបង្ហាញនេះ បានធ្វើឡើងដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់អង្គទូតបរទេសចំនួន ៤៣រូប ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៦រូប បានចូលរួមស្តាប់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកជំទាវ អ៊ាត សោភា បញ្ជាក់ថា ការបង្ហាញពីភាពវិវត្តថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ និងបណ្តាញសារព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាសចាកពីការពិត និងថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះ និងបង្កឲ្យមានភាពតានតឹង តាមរយៈការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះ និងដីដែលពួកគាត់បានរស់នៅ និងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយដោយខុសច្បាប់ ។

លោកជំទាវបានបញ្ជាក់ប្រាប់អន្តរជាតិទៀតថា ជាក់ស្តែង គណនី Facebook Page ឈ្មោះ Royal Thai Army: Update បានបង្ហោះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណងធ្វើឲ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាស់វែងចម្រុះកម្ពុជា-ថៃ ដែលមាន ឯកឧត្តម ឡាយ សៀងលី និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាកឌី បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីមិនពិតឡើយ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មានរួចរាល់បន្ទាប់ពីភាគីថៃបានផ្សាយ។

លោកជំទាវ រដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ទៀតថា បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលលេខ ៤៧ នេះក៏ដោយ ក៏ជាក់ស្តែងមានពលរដ្ឋថៃបានចូលមកកាន់កាប់ និងអាស្រ័យផលក្នុងដីកម្ពុជាវិញដែរ ។

លោកជំទាវរដ្ឋមន្រ្ដីស្តីទី ក្រសួការបរទេស បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner