អ៊ីរ៉ង់សម្រុកទិញយន្តហោះចម្បាំងពីរុស្ស៊ី ក្រោយរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល
តេហេរ៉ង់ ៖ យន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី បានដឹកជញ្ជូនមកដល់ប្រទេសអ៊ីរ៉ង់ហើយ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពអាកាស ជាផ្នែកមួយនៃការសម្រុកទិញយន្តហោះចម្បាំងពីរុស្ស៊ី រួមទាំងប្រព័ន្ធការពារដែនអាកាសពីចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា។
លោក Abolfazl Zohrevand ដែលជាសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំង MiG-29 គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពកងទ័ពអាកាសអ៊ីរ៉ង់យ៉ាងឆាប់រហ័ស។ លោកថា យន្តហោះនេះបម្រើជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់យន្តហោះចម្បាំង Su-35s មកដល់ ទោះបីជារុស្ស៊ីមិនទាន់បញ្ជាក់ពីចំនួនយន្តហោះជាផ្លូវការក៏ដោយ។
លោក Zohrevand បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តពង្រឹងអំណាចយោធារបស់អ៊ីរ៉ង់ ស្ថិតក្រោមក្រសែភ្នែកប្រទេសមហាអំណាចក្នុងតំបន់ និងសកលលោកថា នៅពេលយន្តហោះចម្បាំងទាំងនោះបញ្ជូនមកដល់ទាំងអស់ ហើយត្រូវបានដាក់ឱ្យដំណើរការយ៉ាងពេញលេញ នោះសត្រូវរបស់យើងនឹងយល់ពីភាសានៃអំណាចយោធា។
លោក Zohrevand បានបញ្ជាក់ទៀតថា យន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី បានដឹកមកដល់ប្រទេសអ៊ីរ៉ង់ ហើយឆាប់ៗនេះ យន្តហោះចម្បាំង Su-35 រួមទាំងប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និង ប្រព័ន្ធការពារដែនអាកាស HQ-9 របស់ចិនក្នុងចំនួនដ៏ច្រើន ក៏នឹងដឹកមកដល់តាមក្រោយផងដែរ។
សូមបញ្ជាក់ថា ការធ្វើទំនើបភាវូបនីយកម្មយោធារបស់ប្រទេសអ៊ីរ៉ង់ តាមរយៈការទិញបន្ថែមនូវយន្តហោះចម្បាំងទំនើបៗ និងប្រព័ន្ធការពារដែនអាកាសត្រឹមរយៈពេលដ៏ខ្លីនេះ ជាសញ្ញាបង្ហាញពីចេតនារបស់អ៊ីរ៉ង់ នៅក្នុងការបិទគម្លាតសមត្ថភាព និង ពង្រឹងថាមពលដែនអាកាសរបស់ខ្លួន។ ហើយការធ្វើទំនើបកម្មនេះទៀតសោត ត្រូវបានរំពឹងថា នឹងអាចផ្លាស់ប្តូរតុល្យភាពនៃអំណាចយោធាក្នុងតំបន់ បង្កការស្មុគស្មាញដល់ផែនការប្រតិបត្តិការរបស់អ៊ីស្រាអែល និង រត់ប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕

ប្រភព ៖ Newsweek ប្រែសម្រួល ៖ ឈឹម ទីណា