ឥណ្ឌាចាយ ៧ ពាន់លានដុល្លារទិញយន្តហោះចម្បាំងផលិតក្នុងស្រុក

ញូវដែលី ៖ ឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧.០៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញយន្តហោះចម្បាំងពីក្រុមហ៊ុនរដ្ឋ Hindustan Aeronautics Ltd ហៅកាត់ (HAL) ក្នុងគោលបំណងជំរុញធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាទិញយន្តហោះចម្បាំងផលិតក្នុងស្រុកប្រភេទ Tejas Mk-1A ចំនួន ៩៧ គ្រឿង គ្រោងនឹងបញ្ចប់ការចែកចាយក្នុងរយៈពេល ៦ឆ្នាំ គិតចាប់ពីឆ្នាំហិរញ្ញវត្ថុ ២០២៧-២០២៨។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានបង្ហោះសារលើបណ្តាញសង្គម X ថា ការផ្គត់ផ្គង់យន្តហោះទាំងនេះដោយក្រុមហ៊ុន HAL នឹងជួយបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីបន្តប្រតិបត្តិការដែលគ្មានការរារាំង និង ពង្រឹងការត្រៀមលក្ខណៈការពារជាតិ។

រដ្ឋាភិបាលឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HAL ក្នុងឆ្នាំ ២០២១ ដើម្បីទិញយន្តហោះចំនួន ៨៣គ្រឿង ប៉ុន្តែការដឹកជញ្ជូននៅក្នុងការបញ្ជាទិញនោះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះចម្បាំងបានបន្ទោសក្រុមហ៊ុនផលិតម៉ាស៊ីន General Electric ហៅកាត់ GE ចំពោះការយឺតយ៉ាវក្នុងការផ្តល់ម៉ាស៊ីនបំពាក់យន្តហោះ។

ក្រុមហ៊ុន GE បានឆ្លើយតបថា ការពន្យាពេលនេះ បង្កឡើងពីផលប៉ះពាល់នៃការចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មឡើងវិញ និង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញសម្រាប់ម៉ាស៊ីនយន្តហោះ បន្ទាប់ពីជំងឺរាតត្បាត COVID-19។

GE បានបញ្ជូនម៉ាស៊ីនដំបូងសម្រាប់យន្តហោះចម្បាំង Mk-1A នៅក្នុងខែមីនា ឆ្នាំ ២០២៥នេះ ហើយមន្ត្រីឥណ្ឌាបាននិយាយថា ពួកគេរំពឹងថា ការផលិត និងការចែកចាយថែមទៀត នឹងមានស្ថេរភាពនៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។

ការបញ្ជាទិញកាលពីថ្ងៃព្រហស្បតិ៍ នឹងធ្វើឱ្យកងយន្តហោះចម្បាំង Tejas សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២២០គ្រឿង ហើយក្រុមមន្ត្រីរំពឹងថា នឹងបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ GE សម្រាប់ទិញម៉ាស៊ីនយន្តហោះបន្ថែម៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner