កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងរបាយការណ៍ដំបូង ស្តីពីការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិជនពិការនៅកម្ពុជា

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងរបាយការណ៍ដំបូង ស្តីពីការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិជនពិការនៅកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគ ណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការនៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងអនុសញ្ញា ស្តីពីសិទ្ធិជនពិការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមានពិការភាព ការជំរុញកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីធានាថា ជនមានពិការភាពទទួលបានដោយពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត ការលើកស្ទួយការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរដែលមានពីកំណើត ។

សេចក្តីព្រាងរបាយការណ៍នេះ បានបង្ហាញអំពីទិដ្ឋភាពទូទៅ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលក្រសួង ស្ថាប័ននានា បានខិតខំប្រឹងប្រែងអនុវត្តនិងសម្រេចបានស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ជាពិសេស គោលការណ៍នានាដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ សំដៅ៖

(១) ការពារសិទ្ធិ សេរីភាព និងឧត្តមប្រយោជន៍របស់ជនមានពិការភាព រួមទាំងការពារផលប្រយោជន៍របស់ជនមានពិការភាព ដែលជាជនងាយរងគ្រោះក្នុងសហគមន៍ និងសង្គម ។

(២) ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព ។

(៣) ស្តារលទ្ធភាពពលកម្មកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពរបស់ជនមានពិការភាពក្នុងសកម្មភាពនានារបស់សង្គម ។

(៤) បង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហាជនមានពិការភាពឱ្យស្របទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ។

(៥) បំពេញកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា និងស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងតំបន់ និងសកលលោក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner