កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន
(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគ ណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។
កិច្ចព្រមព្រៀងនេះ មានចំនួន ១៨មាត្រា ដោយរៀបចំឡើង ក្នុងគោលបំណងបង្កើតឱ្យមានអភិក្រមរួម និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ស្របតាមទស្សនវិស័យផែនការលម្អិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ និងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពម្ហូបអាហារអាស៊ាន និងក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកសិកម្មនិងរុក្ខាប្រមាញ់ និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន (១) ធានាការពារសុខភាពអ្នកប្រើប្រាស់ (២) សម្រួលការធ្វើពាណិជ្ជកម្មធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាពដោយសេរីនៅក្នុងរដ្ឋសមាជិក (៣) ពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម (SMEs) របស់កម្ពុជា (៤) កាត់បន្ថយការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកើតឡើងមកពីម្ហូបអាហារគ្មានគុណភាពនិងសុវត្ថិភាព និង (៥) ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយសមធម៌ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




