កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគ ណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

ពិធីសារនេះ មានចំនួន ២មាត្រា និងឧបសម្ព័ន្ធចំនួន ១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គល ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗឱ្យមានលក្ខណៈនិងទម្រង់រួមគ្នា ដែលនឹងបង្កឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់ដោយសាធារណជនទូទៅ ហើយវាក៏នឹងរួមចំណែកបង្ហាញផងដែរ អំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការលុបបំបាត់ភាពរឹតត្បិតនានា ទៅលើបម្លាស់ទីឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន នៃរូបវន្តបុគ្គលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ។

ពិធីសារនេះ នឹងផ្តល់អត្ថប្រយោជន៍មានដូចជា (១) សម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញ និងអ្នកចូលមកទស្សនកិច្ចក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលជាផ្នែកសំខាន់មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចខ្ពស់និងការផ្សារភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ និង (២) ធ្វើឱ្យតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គលកាន់តែមានលក្ខណៈសាមញ្ញ និងមានទម្រង់រួម ដែលបង្កភាពងាយស្រួលដល់សាធារណជន ជាពិសេសធុរជនក្នុងការស្វែងយល់អំពីការសន្យារបស់ប្រទេសសមាជិកនីមួយៗ ដើម្បីអាចទាញប្រយោជន៍ពេញលេញ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner