សម្តេចធិបតី៖ សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ គឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សាជាថ្មីអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ដោយសម្តេចធិបតី បានបញ្ជាក់ថា បទពិសោធន៍នៃសង្គ្រាមដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះ ដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។ ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចធិបតីក៏បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដ៏ស្មោះស្ម័គ្រជូនវីរៈកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន។
សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។
សម្តេចធិបតី ថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត







