ប្រព័ន្ធផ្សព្វផ្សាយបារម្ភពីការសង្ខេបព័ត៌មានរបស់ AI នៅលើ Google កាន់តែរីករាលដាល

បរទេស ៖ ក្រុមអ្នកបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការសង្ខេបព័ត៌មានរបស់ AI ឬ AI Overviews កាន់តែរីករាលដាល នៅផ្នែកខាងលើ នៃ បណ្តាញសង្គម Google ដែលជាក្រុមហ៊ុនស្វែងរកទិន្នន័យដ៏ធំ នៅលើអ៊ីធឺណេត។

បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅខែកញ្ញានេះ បានឲ្យដឹងថា ក្រុមហ៊ុនផ្សាយព័ត៌មានទាំងនោះ កំពុងភ័យខ្លួនថា អតិថិជនមិនចូលទៅមើលអត្ថបទពេញលេញ នៅលើគេហទំព័រកាសែត របស់ពួកគេ តែ អ្នកអានសប្បាយចិត្ត ជាមួយនឹងការសង្ខេបរឿង របស់បញ្ញាសិប្បនិម្មិត ហៅកាត់ AI ជាហេតុនាំឲ្យប៉ះពាល់ដល់ ប្រាក់ចំណូល ពីពាណិជ្ជកម្ម លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Felix Simon អ្នកស្រាវជ្រាវផ្នែក AI និងព័ត៌មាន នៅវិទ្យាស្ថាន Reuters សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យ Oxford មានប្រសាសន៍ថា ការព្រួយបារម្ភចម្បងមួយ ពីការសង្ខេបន័យ របស់ AI គឺ ងាយស្រួល និងមានឥទ្ធិពលសម្រាប់អ្នកអាន នឹងនាំឱ្យមនុស្ស តិចជាងមុន ដែលបន្តចុចលើមាតិកា ហើយ ការនេះផ្តល់ផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានទាំងនោះ។

ក្រុមហ៊ុន DMG Media ដែលជាមេធំ របស់ក្រុមហ៊ុន MailOnline, Metro បាននិយាយថា AI Overviews បណ្តាលឱ្យមានការធ្លាក់ចុះ នៃ អត្រាចុចអាន ៨៩% នេះបើតាមសេចក្តីថ្លែងការណ៍ ផ្ញើទៅកាន់អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ ដែលបានធ្វើឡើង នៅក្នុងខែកក្កដា។

លោក David Higgerson ប្រធានផ្នែកបោះពុម្ពផ្សាយឌីជីថល នៅក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានពាណិជ្ជកម្មដ៏ធំបំផុត របស់ចក្រភពអង់គ្លេស និងអៀរឡង់ Reach មានប្រសាសន៍ថា និន្នការនេះ ធ្វើអ្នកបោះពុម្ពផ្សាយ មិនត្រូវបានផ្តល់រង្វាន់សមរម្យ សម្រាប់ការងារ របស់ពួកគេទេ។

លោកថា «អ្នកបោះពុម្ពផ្សាយ ផ្តល់នូវមាតិកា ត្រឹមត្រូវ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត សង្ឃឹមថា យើងអាចរកប្រាក់ពីសេវាកម្មជាវ របស់យើង ប៉ុន្តែ ឥឡូវនេះ ជាមួយនឹង AI Google Overviews ប៉ះពាល់អត្ថប្រយោជន៍ ផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកបោះពុម្ព ទាំងនោះ»។

យ៉ាងណា អ្នកនាំពាក្យ របស់ Google បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា មួយនេះ ផ្តល់អាទិភាពខ្ពស់ ក្នុងការបញ្ជូនចរាចរភ្ជាប់ ទៅកាន់គេហទំព័រ ហើយ យើង បន្តផ្ញើ ការចុចចូលអាន ដែលផ្តល់តម្លៃរាប់ពាន់លានដុល្លារ ទៅកាន់គេហទំព័រ ផ្សេងៗ ជារៀងរាល់ថ្ងៃ។

កាលពីខែសីហា ប្រធានផ្នែកស្វែងរកទិន្និន័យ របស់ Google លោកស្រី Liz Reid បាននិយាយថា បរិមាណ នៃការចុចពី Google search ទៅកាន់គេហទំព័រគឺ “មានស្ថេរភាព” ពីមួយឆ្នាំ ទៅមួយឆ្នាំ។

លោកស្រី ក៏បាននិយាយផងដែរថា គុណភាព នៃការចុច មានភាពប្រសើរឡើងបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំមុន មានន័យថា អ្នកប្រើប្រាស់មិនចុចត្រឡប់មកវិញ ភ្លាមៗ ពីតំណភ្ជាប់ នោះទេ។

លោកស្រី បានអះអាងថា បើទោះបីជាមាន AI Overviews មនុស្សក៏ត្រូវស្វែងរក ព័ត៌មានកាន់តែច្រើន ដែលស៊ីជម្រៅ ដូច្នេះ ការបន្ថែមជាមួយ AI Overviews មនុស្សកំពុងឃើញតំណភ្ជាប់កាន់តែច្រើន នៅលើទំព័រ ច្រើនជាងមុន។ សំណួរកាន់តែច្រើន និងតំណភ្ជាប់កាន់តែច្រើន មានន័យថា មានឱកាសកាន់តែច្រើន សម្រាប់គេហទំព័រ ដើម្បីបង្ហាញ និង ទទួលបានការចុច កាន់តែច្រើន។

ប៉ុន្តែ កាលពីខែកក្កដា ក្រុមអង្គការ រួមមាន Independent Publishers Alliance, បច្ចេកវិទ្យាយុត្តិធម៌មិនរកប្រាក់ចំណេញ Foxglove និងក្រុមយុទ្ធនាការ Movement for an Open Web បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ទៅកាន់អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ របស់ចក្រភពអង់គ្លេស ដោយចោទប្រកាន់ថា Google AI Overviews កំពុងប្រើប្រាស់ខ្លឹមសារ របស់អ្នកបោះពុម្ពផ្សាយ កេងយកតម្លៃ ពីក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន នានា។

ពួកគេបានស្នើឱ្យ ណែនាំវិធានការបណ្តោះអាសន្ន ដើម្បីការពារទុប់ស្កាត់ Google ពីការ “ប្រើប្រាស់” មាតិកាអ្នកបោះពុម្ពផ្សាយខុសឆ្គង តាមរយៈ AI៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner