មេ Microsoft ថា កិច្ចព្រមព្រៀង AI ថ្មី ៣០ពាន់លានដុល្លារ អាចជំរុញសេដ្ឋកិច្ចអង់គ្លេសយ៉ាងឆាប់រហ័ស

ឡុងដ៍ ៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft លោក Satya Nadella បានអះអាងថា កិច្ចព្រមព្រៀងវិនិយោគថ្មី លើបច្ចេកវិទ្យា AI តម្លៃ៣០ពាន់លានដុល្លារ របស់ខ្លួន នៅលើទឹកដីអង់គ្លេស អាចជំរុញសេដ្ឋកិច្ច និង GDP របស់ប្រទេសមួយនេះ បានយ៉ាងឆាប់រហ័ស។

មេធំ Microsoft បានលើកឡើងបែបនេះ បន្ទាប់ពីមានការចុះហត្ថលេខា រវាងរដ្ឋាភិបាលចក្រភពអង់គ្លេស និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួន របស់សហរដ្ឋអាមេរិក ហើយ ទំហំវិនិយោគថ្មី របស់ Microsoft លើ AI នេះ គឺជាផ្នែកមួយ នៃ «កិច្ចព្រមព្រៀងវិបុលភាពបច្ចេកវិទ្យា» កើតចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីពីរ របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ទៅកាន់ចក្រភពអង់គ្លេស នាពេលថ្មីៗនេះ។

ក្រុមហ៊ុន Microsoft ចាត់ទុក ការវិនិយោគថ្មី នៅក្នុងវិស័យ AI នៅអង់គ្លេស ជាការវិនិយោគធំបំផុតនៅក្រៅដីសហរដ្ឋអាមេរិក។ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងឃើញមានក្រុមហ៊ុន Google, Nvidia និងក្រុមហ៊ុនផ្សេងទៀត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដើម្បីគាំទ្របច្ចេកវិទ្យា AI ដែលភាគច្រើន ជាទម្រង់មជ្ឈមណ្ឌលទិន្នន័យ។

រដ្ឋាភិបាលអង់គ្លេសធ្លាប់បាននិយាយថា មានសក្តានុពលសម្រាប់ការងារថ្មី ជាង ៥,០០០ និង លុយរាប់ពាន់លាន នៅក្នុងការវិនិយោគឯកជន នៅភាគឦសាន ប្រទេស ដែលត្រូវបានគេកំណត់ថាជា “តំបន់លូតលាស់ AI ថ្មី។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសម្គាល់ ការផ្លាស់ប្តូរជំហានមួយជំនាន់ នៅក្នុងទំនាក់ទំនង។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺជាការបង្កើតការងារ ដែលមានជំនាញខ្ពស់, ប្រជាជនរកប្រាក់ បានកាន់តែច្រើន និង ធានាឱ្យភាពជាដៃគូនេះ ផ្តល់អត្ថប្រយោជន៍គ្រប់ជ្រុងជ្រោយ សម្រាប់ចក្រភពអង់គ្លេស៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner