សម្ដេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ មិត្តភាពកម្ពុជា-ចិន កំពុងបន្តរីកចំរើនកាន់តែរឹងមាំ រហូតក្លាយទៅជាមិត្តដែកថែប

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនង មិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ កំពុងបន្តរីកចំរើនកាន់តែរឹងមាំ ឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជាមិត្តដែកថែប ។

សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដោយឃើញប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

សម្ដេចតេជោ បានបន្តថា ឆ្នាំ២០២៥ នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដោយទី១-ជាខួប ១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, ទី២-ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជើងពឹង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ, ទី៣-ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ, ទី៤-សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន កាលពីចុងខែ សីហាកន្លងទៅ និងទី៥-ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងគ្រប់វិស័យរវាងប្រទេសទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តនយោបាយ និងកិច្ចសហ ប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានធ្វើឱ្យចំណងមិត្តភាព កម្ពុជា-ចិនកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជើងពឹង ប្រទេសទាំងពីរ បានឯកភាពលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ទៅដល់កំរិតថ្មីមួយទៀត គឺសំរាប់គ្រប់រដូវកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដ៏រឹងមាំ សក្តិសមទៅនឹងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ ស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner