ទូតចិន៖ ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត
ភ្នំពេញ៖ ទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងដូច្នេះនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។

ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅ
ក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម បានបន្តថា ឆ្នាំនេះ ជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អ
ហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់
ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា ។

ឯកឧត្តមអគ្គរដ្ឋទូតចិន បានរំលឹកថា ឆ្នាំនេះ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល ៩ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី ។ ជាមួយគ្នានោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត





