ព្រៃកោងកាងនៅតំបន់រ៉ាមសារ គឺជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ
(ភ្នំពេញ)៖ ព្រៃកោងកាងនៅតំបន់រ៉ាមសារ គឺជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន (អនុស្សរណៈយោគយល់រវាងរដ្ឋបាលសាគរ (SOA) នៃក្រសួងធនធានធម្មជាតិចិន ជាមួយក្រសួងបរិស្ថានកម្ពុជា ស្តីពីកិច្ចការងារសមុទ្រ) មន្ត្រីនៃក្រសួងបរិស្ថាន ចំនួន ៣៨រូប ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអភិរក្សព្រៃកោងកាង និងការបង្កើនសមត្ថភាពប្រព័ន្ធអេកូស៊ីស្ទែមសម្រាប់កម្ពុជា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន សហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលមន្រ្តី នៃអគ្គនាយកដ្ឋានរព្រៃឈើ និងវាលស្មៅជាតិ (NAFGA)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា លើការអភិរក្សព្រៃកោងកាង និងធនធានធម្មជាតិក្នុងតំបន់ដីសើម ក៏ដូចជាចូលរួមលើកកម្ពស់សកម្មភាពរួមគ្នាដើម្បីជំរុញដំណើរការអភិរក្សព្រៃកោងកាងជាសាកល លើកកម្ពស់គុណភាព ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងរួមចំណែកជាវិជ្ជមានដល់ការអនុវត្តសកម្មភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកសាងសហគមន៍ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។

សិក្ខាសាលាបានលើកយកប្រធានបទពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ ការអនុវត្តរបស់ប្រទេសចិនចំពោះអនុសញ្ញារ៉ាមសារ និងការអភិវឌ្ឍមជ្ឈមណ្ឌលព្រៃកោងកាងអន្តរជាតិ បទពិសោធន៍ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់ដីសើមក្នុងប្រទេសចិន ឧទ្យានជាតិ ព្រៃកោងកាង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការរក្សាលក្ខណៈអេកូឡូស៊ីនៃព្រៃកោងកាង និងការការពារអភិរក្សសត្វស្លាបទឹកនៅតំបន់ដីសើម។ ផ្សារភ្ជាប់នឹងបទបង្ហាញ ក៏មានការចុះ ទស្សនានៅទីក្រុង Xiamen ខេត្ត Fujian និងទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីការអភិរក្សព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដីសើមផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ



