សហគមន៍អន្តរជាតិ សាទរ និងគាំទ្រដល់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រជុំស្តីពីអាកាសធាតុនៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃសុក្រ ទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារនិងអភិរក្សធនធានធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ។
លទ្ធផលផ្លែផ្កាមួយចំនួណ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំពាក់ព័ន្ធទាំងអស់មានដូចតទៅ៖

១) ប្រតិភូអង្គការសហប្រជាជាតិ បានសាទរនិងវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេដែលបានផ្តល់សច្ចាប័នជាផ្លូវការពីអង្គការសហប្រជាជាតិ និងបានចូលក្នុងកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ» និងបានទទួលពានរង្វាន់The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចូលក្នុងកិច្ចព្រមព្រៀងស្តីពី BBNJ។

២) ប្រតិភូអង្គការសហប្រជាជាតិ បានចូលរួមអបអរសារទរប្រទេសកម្ពុជា ដែលបានរៀបចំ NDC3.0 ដោយបង្ហាញពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្បាស់លាស់ គ្របដណ្តប់គ្រប់វិស័យ បរិយាបន្នសង្គម សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ កម្ពុជាក៏បានបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាល និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់៥៥% នៅឆ្នាំ២០៣៥។

៣) សហគមន៍អន្តរជាតិសន្យានឹងផ្តល់ហិរញ្ញប្បទានការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ជាពិសេសការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក្នុងឱកាសបើក ដោយបានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការពារនិងអភិរក្ស សម្រាប់ចូលរួមក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0)។

៤) អង្គការ UNDP រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តជាច្រើន បានគាំទ្រនិងការស្វែងរកសកម្មភាពអាទិភាព សម្រាប់អនុវត្ត ផែនការរួមចំណែកជាតិ NDC3.0 ក្នុងវិស័យទាំងប្រាំ រួមមាន ថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីទាញយកថវិកានៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើ ក្នុងគោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសធាតុឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយអង្គការសហប្រជាជាតិ បានប្រារព្ធឡើងពេញ១សប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋរាជរដ្ឋាភិបាល និងរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំ ជាង១០០ប្រទេស ក្នុងនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម រួមជាមួយវត្តមាននៃការអញ្ជើញចូលរម ពីដៃគូសហការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំប្រតិភូកម្ពុជា ថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ និងថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូលម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកិច្ចពិភាក្សានិងប្រជុំពាក់ព័ន្ធមួយចំនួនដូចជា៖

  • កម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty និងបានទទួលទទួលពានរង្វាន់ The Sea Treaty Champion ចំពោះប្រទេសគំរូ នៃកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ(BBNJ)
  • កិច្ចសន្ទនាអន្តរជាតិស្តីពីមូលនិធិអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue,
  • កិច្ចប្រជុំ The Forest & Climate Leaders’ Partnership (FCLP) ក្រោមប្រធានបទ Turning Forest Ambition into Action: Strengthening NDCs and accelerating Country Packages for Forests, Climate & Nature។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានទទួលជួបនិងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនិងដៃគូអភិវឌ្ឍន៍ ធុរកិច្ច អ្នកផ្តល់ហិរញ្ញប្បទាន និងតំណាងរដ្ឋាភិបាលប្រទេសជាមិត្ត រួមមាន អង្គការ UNDP, CI, WCS, Equitable Earth Agency មួយចំនួនទៀត ដើម្បីបង្ហាញពីតួនាទីសំខាន់និងមហិច្ចតារបស់កម្ពុជា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សក្តានុពលនៃការធ្វើពាណិជ្ជកម្មឥណទានកាបូន និងការរៀបចំសេចក្តីប្រកាសរួមស្តីពីឥណទានកាបូនពីយន្តការ REDD+ នៅក្នុងសន្និសីទលើកទី៣០ នៃក្របខណ្ឌអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP30 ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើឡើងពីការអនុវត្តសកម្មភាពសំខាន់ៗ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការការពារនិងអភិរក្សធនធានធម្មជាតិ និងការទប់ស្កាត់ការបំពុលបរិស្ថានលើដី លើផ្ទៃទឹក និងលើអាកាស ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានទាំងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ផងដែរ មេដឹកនាំប្រទេសទាំងអស់ក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនេះ បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តគោលដៅអាកាសធាតុថ្មី សម្រាប់ដាក់ជូនការសម្រេចចុងក្រោយ ក្នុងកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ COP30 នៅទីក្រុង Belém ប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ នេះជាលើកដំបូង ដែលប្រទេសសេដ្ឋកិច្ចធំៗ រួមទាំងប្រទេសចិន បានប្រកាសពីគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។

ប្រទេសចូលរួមទាំងអស់ បានបង្ហាញមហិច្ឆតាលម្អិតអំពីគោលដៅបង្កើនថាមពលកកើតឡើងវិញ ផែនការទប់ស្កាត់ការបំភាយឧស្ម័នមេតាន យុទ្ធសាស្ត្រការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងវិធានការដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីល។ ជាមួយគ្នានេះ ប្រទេសប្រេស៊ីល ដែលជាប្រទេសរៀបចំកិច្ចប្រជុំ COP 30 នៅពេលខាងមុខ បានប្រកាសដាក់ថវិកា ១០០០ លានដុល្លារ ក្នុងមូលនិធិ Tropical Forest Forever Facility (TFFF) ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner