អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ ៖ អាគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នូ ស៊ីថា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមានទីតាំង នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ឱ្យដឹងថា អគារទីស្នាក់ការនេះ សាងសង់អស់រយៈពេលជាង បួនខែ មានទំហំជាង ៣១៨ម៉ែត្រការ៉េ មាន ៧បន្ទប់ ក្នុងនោះបន្ទប់ធ្វើការ ៥បន្ទប់ បន្ទប់បដិសណ្ឋារកិច្ច ១បន្ទប់ សាល់ប្រជុំ ១បន្ទប់ ដែលចំណាយថវិកាអស់ជាង ១២ម៉ឺនដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ ៥,០០០ម៉ែត្រការ៉េ ដែលជាការសម្របសម្រួលដោះស្រាយពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន បានគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដួចផ្ដើមក្នុងការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងខេត្តកំពង់ធំនាពេលនេះ ដើម្បីបម្រើនិរន្តរភាពការងាររបស់អតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពង់ធំ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ។

ឯកឧត្តម គន់ គីម បានឧបត្ថម្ភ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជន និងនិវត្តជន ១០០គ្រួសារ និងបានសន្យាប្រគល់ថវិកាសម្រាប់សាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ ចំនួន ៤០ខ្នងផ្ទះ ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីដំណើរការសាងសង់ជូនបងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ដើម្បីជូនបងប្អូនមានលំនៅដ្ឋានរស់នៅបានសមរម្យផងដែរ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner