វៀតណាមជួយលុយស្ត្រីជិត ២ម៉ឺននាក់ ដែលមានកូនពីរនាក់មុនអាយុ ៣៥ឆ្នាំ
ហូជីមីញ ៖ ស្ត្រីជាង ១៧.០០០នាក់រស់នៅទីក្រុងហូជីមិញ ដែលមានកូនពីរនាក់មុនអាយុ ៣៥ឆ្នាំ នឹងទទួលបានជំនួយជាសាច់ប្រាក់ចាប់ពី ៣ ទៅ ៥លានដុង ឬចាប់ពី ១១៣ដុល្លារឡើងទៅ ពីរដ្ឋាភិបាលវៀតណាម ដែលនេះជាដំណោះស្រាយចំនួនពីរ ដែលបានអនុម័តដោយក្រុមប្រឹក្សាប្រជាជនក្រុង។
ផ្អែកតាមការពិនិត្យឡើងវិញ បានបង្ហាញថា ស្ត្រីចំនួន ៩.១០០នាក់មានសិទ្ធិទទួលបានលុយចំនួន ១១៣ដុល្លារក្នុងម្នាក់ៗនៅក្រោមដំណោះស្រាយលេខ 40/2024 ខណៈដែលស្រ្តីចំនួន ៨.១០០នាក់ទៀតមានសិទ្ធិទទួលបានលុយចំនួន ១៨៩ដុល្លារក្រោមដំណោះស្រាយលេខ 32/2025។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយលោក Pham Chanh Trung ប្រធាននាយកដ្ឋានប្រជាជនក្រុង អំឡុងពិធីបើកយុទ្ធនាការទំនាក់ទំនងឆ្នាំ ២០២៥ ស្តីពីសេវាលើកកម្ពស់គុណភាពប្រជាជននៅក្នុងតំបន់ដែលមានកូនទាបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមលោក Trung បានឱ្យដឹងថា មូលហេតុដែលរដ្ឋាភិបាលវៀតណាមសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែទីក្រុងហូជីមីញបានស្ថិតក្នុងចំណោមខេត្ត-ក្រុងចំនួន ២១ នៅទូទាំងប្រទេស ដែលមានអត្រាមានកូនទាបជាងគេ។ ជាក់ស្តែង យោងតាមទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ជាមធ្យមទីក្រុងនេះ ស្ត្រីស្ថិតក្នុងវ័យបន្តពូជសម្រេចចិត្តយកកូនត្រឹមតែម្នាក់ប៉ុណ្ណោះ។
ខណៈពេលដែលនៅតែស្ថិតក្នុងដំណាក់កាល “ប្រជាជនមាស” របស់ខ្លួន ជាមួយនឹង 70.7% នៃអ្នករស់នៅក្នុងវ័យធ្វើការ ទីក្រុងភាគខាងត្បូងកំពុងបាត់បង់មុខមាត់របស់ខ្លួនជា “ទីក្រុងវ័យក្មេង” នៅពេលដែលវាជួបជាមួយនឹងចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា