ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
(ទីក្រុងញូវយ៉ក)៖ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលជាសមាជិកយុទ្ធនាការ 50-in-5 ទាំងអស់ ដើម្បីអបអរសាទរ និងបង្ហាញអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងអន្តរប្រតិបត្តិការ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់លើការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើថ្នាលនេះផងដែរ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ៣០ រួចមកហើយ ដែលបាននិងកំពុងចូលរួមជាសមាជិកយុទ្ធនាការ 50-in-5 ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមជាសមាជិកយុទ្ធនាការ 50-in-5 កាលពីខែកញ្ញា ឆ្នាំ២០២៤។ 50-in-5 គឺជាយុទ្ធនាការសាកលមួយ ដែលប្រមូលផ្ដុំប្រទេសជាច្រើនឱ្យចូលរួមជាមួយគ្នា ដើម្បីជួយពន្លឿននិងធ្វើឱ្យប្រសើរឡើងនូវដំណើរការអនុវត្តការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល តាមរយៈការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងបច្ចេកវិទ្យា ដែលអាចជួយកាត់បន្ថយការចំណាយ ជៀសវាងភាពច្រំដែល និងបង្កើនការជះឥទ្ធិពលវិជ្ជមានជាអតិបរមា។
គោលបំណងនៃយុទ្ធនាការ 50-in-5 នេះ គឺជួយឱ្យប្រទេសចំនួន ៥០ អាចធ្វើការរចនា អនុវត្ត និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលមានសុវត្ថិភាព បរិយាបន្ន និងអន្តរប្រតិបត្តិការរបស់ខ្លួន យ៉ាងតិចណាស់មួយក្នុងរយៈពេលប្រាំឆ្នាំ គឺនៅចុង ឆ្នាំ២០២៨ ៕
ដោយ ៖ ង៉ាន់ ទិត្យ


