ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បរិវត្តកម្មឌីជីថល នឹងប្រែក្លាយរបៀបរបបការងារតាមបែបទំនើបកាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ កិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយរបៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាអតិបរិមាក្នុងស្ថាប័នរដ្ឋដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។

ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.ប.ទ. ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ២៥០រូប។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិស្ស-និស្សិត សំដៅកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការទាំងអស់ ជាពិសេសជំនាញឌីជីថល និងលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹងដែលបានទទួលពីការបណ្តុះបណ្តាលនាពេលនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងស្ថាប័នរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner