មន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប រៀបចំការប្រគួត យុវជនខេត្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈបង្ហាញវោហារសព្ទឆ្នើម ឆ្នាំ២០២៥
(សៀមរាប)៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានរៀបចំការប្រគួត ជែកដេញដោល យុវជនថ្នាក់ខេត្ត២០២៥ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងនិយាយជាសាធារណៈឆ្នាំ២០២៥ បង្ហាញវោហារសព្ទឆ្នើម ដែលវិធីនេះប្រារព្ធធ្វើនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត ក្រោមវត្តមាន លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ និងកីឡា ខេត្តសៀមរាប និងសិស្សនិសិត្សជាង ២០០នាក់ចូលរួមនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ ។

លោក ស៊ិន កុសល មានប្រសាសន៍ថា រៀបចំកម្មវិធីនេះឡើង គឺមានគោលបំណងលើកកម្ពស់សមត្ថភាពការនិយាយជាសាធារណៈ ការបង្ហាញទេពកោសល្យ និងការចែករំលែកគំនិតច្នៃប្រឌិតរបស់យុវជនជាសមាជិកសង្គមយ៉ាងសកម្ម បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល
-បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា
-កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម
-ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម និងបានជ្រើសរើសក្រុមសិស្សថ្នាក់ទី១០នៅតាមបណ្តាវិទ្យាល័យគឺបានចំនួន ២០ក្រុម ដែលមាន ២០វិទ្យាល័យហើយបានធ្វើការបណ្តុះបណ្តាល រួមគ្នាដោយវាគ្មិនជាគ្រូឧទ្ទេសអញ្ជើញមកពីនាយកដ្ឋានអប់រំយុវជននិងកុមារបណ្តុះបណ្តាលដោយផ្ទាល់ព្រមទាំងបណ្តុះបណ្តាលបន្ថែមតាមរយៈអនឡាញ ទាំងបច្ចេកទេសទាំងបទពិសោធន៍ ។

ការប្រកួតនិយាយជាសាធារណៈ លើវិស័យអប់រំ យុវជន និងកីឡានេះ មានបេក្ខជនចូលរួម ៖ ទី១ យុវតី ហៀន ដាណែត មកពីសាលាវិទ្យាល័យសំរោង បេក្ខជន. ទី២ យុវតីឈាក់ ស៊ីណេត មកពីវិទ្យាល័យអង្គរជុំ .បេក្ខជនទី៣ យុវតី ឆៃកូ រចនា មកពីវិទ្យាល័យ ហ៊ុនសែន រុនតាឯក និងបេក្ខជនទី៤ យុវតី សុខ គឹមរ៉ូហ្សា មកពីវិទ្យាល័យ ដំដែក ។
ក្នុងវគ្គនេះ អ្នកប្រកួតត្រូវបង្ហាញវោហារសព្ទឆ្នើម តាមប្រធានបទសំខាន់ៗ ៤ ដែលបង្ហាញពីទស្សនវិជ្ជា និងទិដ្ឋភាពសង្គមសម័យថ្មី ៖
ប្រធានបទទី១ “យុវជនអស្ចារ្យសាលាឆ្នើម” ដែលផ្តោតលើតួនាទី និងសមិទ្ធផលរបស់យុវជនក្នុងការបង្កើតសាលាដែលមានគុណភាព និងការអប់រំឆ្នើម។ ប្រធានបទទី២ “កុមារគិត យុវជនដឹកនាំ” សំដៅលើភាពច្នៃប្រឌិត ពីកុមារដល់យុវជន ដើម្បីក្លាយជាមេដឹកនាំមានទំនួលខុសត្រូវ និងមានចក្ខុវិស័យ។
ប្រធានបទទី៣ “ថាមពលនៃគ្រាប់ពូជ” បញ្ជាក់ពីតម្លៃនៃការបង្រៀន និងការបណ្តុះបណ្តាយុវជនឲ្យក្លាយជាថាមពលសំខាន់សម្រាប់អនាគតជាតិ។ ប្រធានបទទី៤ “បញ្ញាសិប្បនិម្មិត កែខៃឆ្នៃសភាយុវជន” ដោះស្រាយទស្សនៈអំពីតួនាទី AI ក្នុងការបង្កើតឱកាសច្នៃប្រឌិត និងការផ្លាស់ប្តូរនៅក្នុងសហគមន៍យុវជន។

លោក លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំយុវជ និងកីឡា មានប្រសាសន៍ថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាឲ្យយុវជនបង្ហាញទេពកោសល្យនិយាយជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយសំខាន់ក្នុងការលើកស្ទួយការយល់ដឹង ការរួមចំណែក និងការចូលរួមដឹកនាំសង្គមរបស់យុវជន និងបានបញ្ជាក់ថា ទាំងវោហារសព្ទ ការបញ្ចេញមតិ និងភាពច្នៃប្រឌិតរបស់អ្នកប្រកួតក្នុងវគ្គនេះ បង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងភាពរួមចំណែកដ៏មានតម្លៃរបស់យុវជនក្នុងការកសាងអនាគតជាតិ។

លោក ញឹក សាគុណ បន្តថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ហើយសមត្ថភាព ការច្នៃប្រឌិត ការចូលរួម និងភាពរឹងមាំរបស់យុវជនកម្ពុជា តំណាងឱ្យអនាគតដ៏រុងរឿងរបស់កម្ពុជា យុវជនត្រូវដើរតួនាទីជា ភ្នាក់ងារនៃការផ្លាស់ប្តូរ និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងប្រទេសជាតិ ហើយការចូលរួមក្នុងកម្មវិធីនេះបង្ហាញពីការយកចិត្តទុកដាក់របស់យុវជនចំពោះការងារសង្គម និងការអភិវឌ្ឍជាតិ និងបានណែនាំឲ្យប្អូនៗត្រូវខិតខំសិក្សារៀនសូត្រនូវ ចំណេះដឹងទូទៅ និង ចំណេះជំនាញ ឲ្យកាន់តែស៊ីជម្រៅ ព្រោះចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងជាអាវុធដ៏មុតស្រួចសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គម ត្រូវ ចូលរួមយ៉ាងសកម្មក្នុងការ គិតវិភាគ គិតបែប ត្រិះរិះពិចារណា និងមាន ហេតុផល ត្រឹមត្រូវ ៕
ដោយ ៖ ប៊ុន រដ្ឋា


