អ៊ីរ៉ង់ចាប់ដៃរុស្ស៊ីសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ក្នុងតម្លៃ ២៥ ពាន់លានដុល្លារ

តេហេរ៉ង់ ៖ រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ទីតាំង នឹងលេចរូបរាងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ២៥ពាន់លានដុល្លារជាមួយសារជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី។

នៅពេលសាងសង់រួច រោងចក្រថាមពលនុយក្លេអ៊ែរទាំង ៤ទីតាំងនោះ ត្រូវបានរំពឹងថា នឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ៥,០០០មេហ្គាវ៉ាត់។ ប្រទេសអ៊ីរ៉ង់ ដែលប្រឈមមុខនឹងកង្វះថាមពលធ្ងន់ធ្ងរនោះ បច្ចុប្បន្នមានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់ គឺរោងចក្រ Bushehr ដែលសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូង ដែលបង្កើតថាមពលប្រហែល ១ជីហ្គាវ៉ាត់។

កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានរំពឹងថា នឹងបោះឆ្នោតលើដំណោះស្រាយដែលគាំទ្រដោយចិន និងរុស្ស៊ី ក្នុងការពន្យារពេលអនុវត្តទណ្ឌកម្មអន្តរជាតិយ៉ាងហោចណាស់ ៦ខែទៀត។

គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ គឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ហើយអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយប្រទេសលោកខាងលិច ដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ។

ទោះបីជាយ៉ាងណា ប្រទេសអ៊ីរ៉ង់បានចេញមុខច្រានចោលច្រើនលើកច្រើនសារថា ខ្លួនគ្មានបំណងចង់បង្កើតអាវុធប្រល័យលោកទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner