មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញបើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ។

ពិធីនេះមានការចូលរួមពី លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង​ តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ, កងកម្លាំងទាំង៣ប្រភេទ, កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក ខេត្ត និងសិស្សានុសិស្ស បងប្អូនកូនក្មួយជាច្រើនរូប ។

ឯកឧត្តម ឡុង សេង បានថ្លែងថា យុទ្ធនាការ« និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន យុវជន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ជាច្រើនទៀត ។

ឯកឧត្តម បញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ៕

នុត នាង

ads banner