អភិបាលខេត្តសៀមរាប ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រើគ្រប់វិធានការ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង

(សៀមរាប​)៖ ដោយស្ថានភាពអាកាសធាតុមានសម្ពាធទាប ធ្វើឲ្យភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាច្រើនថ្ងៃ បណ្តាលឲ្យក្រុង ស្រុក មួយចំនួន រងគ្រោះជំនន់ទឹកភ្លៀង ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុង ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃ ពីផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀងឲ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និង ដំណាំស្រូវឲ្យបានទាន់ពេលវេលា និង ឆាប់រហ័ស ។

ក្នុងឱកាសនោះ ឯកឧត្តម បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការទឹកជន់លិច។ ម៉្យាងទៀត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព អនាម័យរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការណែនាំបងប្អូន សំខាន់កុមារតូចៗ និង សិស្សធ្វើដំណើរទៅកាន់សាលារៀន ហើយនៅពេលបងប្អូនជួបនូវបញ្ហាសុខភាព ឬសត្វអសិរពិសខាំ ត្រូវប្រញ៉ាប់បញ្ជូនមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា ៕

ដោយ​ ៖ ប៊ុន​រដ្ឋា​

ads banner