សម្តេចតេជោ៖ ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាននិងសមាជិកមកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឱ្យកងទ័ពអត់ធ្មត់មិនតបត។
សម្តេចតេជោបន្តថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឱ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។
សម្តេចតេជោបន្តទៀតថា ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖
១.ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២.ជាចំណុចសំខាន់ គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនឹងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
ជាមួយគ្នានេះ សម្តេចតេជោសូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនឹងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕
ដោយ៖ពលជ័យ