អ៊ុយក្រែទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអ៊ីស្រាអែល

កៀវ ៖ ប្រទេសអ៊ុយក្រែនប្រកាសទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកពីប្រទេសអ៊ីស្រាអែលកាលពីមួយខែមុន ហើយរំពឹងថា ពីរគ្រឿងបន្ថែមទៀតនឹងដឹកមកដល់ក្នុងពេលប៉ុន្មានខែខាងមុខទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកកាសែតអំឡុងសន្និសិទសារព័ត៌មានមួយថា ប្រព័ន្ធមីស៊ីល Patriot របស់អ៊ីស្រាអែលកំពុងដំណើរការក្នុងប្រទេសអ៊ុយក្រែន។ វាបានដំណើរការអស់រយៈពេលមួយខែហើយ… ហើយយើងនឹងទទួលបានប្រព័ន្ធ Patriot ចំនួនពីរទៀតនៅរដូវស្លឹកឈើជ្រុះ។

Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស។ ប្រព័ន្ធមីស៊ីលនេះត្រូវបានគេដាក់ពង្រាយលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង អាចបាញ់លើគោលដៅយន្តហោះ បាញ់ស្ទាក់ប្រឆាំងមីស៊ីលបញ្ជាទិស និង ទប់ស្កាត់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។

ប្រព័ន្ធមីស៊ីល Patriot នីមួយៗរួមមានអាវុធបំពាក់រួចស្រេចដាក់លើរថយន្ត យោធា ជាមួយនឹងកាណុងបាញ់មីស៊ីលចំនួន៨ ដែលអាចផ្ទុកកាំជ្រួចសម្រាប់បាញ់ស្កាត់ចំនួន ៤គ្រាប់, មានបំពាក់នូវប្រព័ន្ធរ៉ាដាលើដី, ស្ថានីយ៍បញ្ជាមួយនិងម៉ាស៊ីនភ្លើងមួយថែមទៀត។ ទោះបីជាយ៉ាងណា អាវុធ Patriot តែមួយមិនអាចការពារដល់ក្រុងកៀវទាំងមូលនោះបានឡើយ។

អ៊ុយក្រែនកំពុងព្យាយាមពង្រឹងការការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់ការវាយប្រហារជាប្រចាំថ្ងៃដោយយន្តហោះដ្រូន និង មីស៊ីលរបស់រុស្ស៊ី ជាពិសេសនៅមុនរដូវរងា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់កំដៅដល់ប្រជាជន ដែលវាជាគោលដៅចម្បងនៃការវាយលុករបស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner