ស្លាប់ជិត ៤០នាក់ និង ៥០នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា
ញូវដែលី ៖ យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ និងប្រហែល ៥១នាក់ទៀតរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់មួយ អំឡុងព្រឹត្តិការណ៍ជួបជុំមួយដែលធ្វើឡើងដោយតារាសម្តែង Vijay ដែលកំពុងធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត។
នាយករដ្ឋមន្រ្តីរដ្ឋ Tamil Nadu លោក M.K. Stalin និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានបុរស ១៣នាក់ ស្រី ១៧នាក់ ក្មេងប្រុស ៤នាក់ និងក្មេងស្រី ៥នាក់ ខណៈមនុស្សរងរបួស ៥១នាក់ទៀត ក្នុងនោះមានបុរស ២៦នាក់ និងស្ត្រី ២៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ជុំវិញសោកនាដកម្មនេះ លោក Stalin បានប្រកាសថា រដ្ឋ Tamil Nadu នឹងបង្កើតគណៈកម្មការមួយដឹកនាំការស៊ើបអង្កេតគ្រោះថ្នាក់នេះ និងបញ្ជូនរបាយការណ៍ទៅកាន់រដ្ឋាភិបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ភ្លាមៗ លោកក៏បានប្រកាសផ្តល់ប្រាក់ ១៤,០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់នេះផងដែរ។
លោក Vijay ជាតារាភាពយន្តរដ្ឋ Tamil Nadu មួយរូប ក្នុងចំនោមតារាសម្តែងដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងរយៈពេល ៣ទស្សវត្សរ៍ កំពុងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករឱ្យចូលរួមវេទិការសាធារណៈរបស់គាត់ ចាប់តាំងពីការចាប់ផ្តើមបង្កើតគណបក្សនយោបាយរបស់គាត់ គឺ Tamilaga Vettri Kazhagam ក្នុងឆ្នាំ ២០២៤។
លបំណងដែលតារាភាពយន្ត Vijay បង្កើតគណបក្សនយោបាយនេះឡើង គឺដើម្បីប្រកួតប្រជែងទាំងគណបក្សកាន់អំណាច DMK និងគណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ លោក Vijay កំពុងធ្វើយុទ្ធនាការមុនការបោះឆ្នោតសកលដែលនឹងត្រូវធ្វើនៅដើមឆ្នាំ២០២៦ខាងមុខនេះ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
