ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះទៅពិនិត្យទីតាំងជាក់ស្តែង មួយថ្ងៃ ក្រោយពីយោធាថៃបើក ការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។ នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។

ក្រសួងការពារជាតិបានឱ្យដឹងក្រោយទង្វើរបស់ថៃបានរំលោភបទឈប់បាញ់នេះដែរ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។

ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner