កូរ៉េខាងត្បូងទទូចឱ្យលោក Trump ដើរតួជា “អ្នកបង្កើតសន្តិភាព” ជាមួយកូរ៉េខាងជើង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានស្នើឱ្យមេដឹកនាំអាមេរិក លោក Donald Trump ដើរតួក្លាយជា “អ្នកបង្កើតសន្តិភាព” និង ប្រើប្រាស់អំណាចរបស់គាត់ធ្វើឱ្យកូរ៉េខាងជើងយល់ព្រមចរចា និង កាត់បន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Trump “បានស្វាគមន៍” ចំពោះសំណើរបស់លោកប្រធានាធិបតី Lee ហើយលោកថែមទាំងបានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងម្តងទៀតផងដែរ។

លោក Cho បាននិយាយយ៉ាងដូច្នេះថា វានឹងក្លាយជារឿងដ៏អស្ចារ្យណាស់ប្រសិនបើមេដឹកនាំអាមេរិក-កូរ៉េខាងជើងជួបគ្នាម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ភ្លាមៗនៅមិនទាន់មានការឆ្លើយតបពីខាងសេតវិមាននៅឡើយទេ។

សូមរម្លឹកថា លោកប្រធានាធិបតី Trump និង លោក Kim Jong un បានជួបគ្នាមុខផ្ទាល់ចំនួនបីដងរួចមកហើយ ស្របពេលកូរ៉េខាងជើងកំពុងសាងសង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដែលលោក Kim ចាត់ទុកជាគន្លឹះសម្រាប់សន្តិសុខរបស់ប្រទេសខ្លួន។

ក្នុងនោះមានកិច្ចប្រជុំកំពូលចំនួនពីរនៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ ២០១៨ និង នៅប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ជាទីដែលលោក Trump និងលោក Kim មានការខ្វែងគំនិតគ្នាជុំវិញការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង។

រីឯកិច្ចប្រជុំលើកទីបីនៅឆ្នាំនោះ នៅឯព្រំដែនរវាងប្រទេសបងប្អូនកូរ៉េទាំងពីរបានបរាជ័យ នៅក្នុងការសង្គ្រោះកិច្ចចរចានុយក្លេអ៊ែររបស់ពួកគេ ហើយចាប់តាំងពីពេលនោះមក លោក Kim បានបដិសេធរាល់ការចរចាការទូតជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner