សិង្ហបុរីរិះគន់ធ្ងន់ៗថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ រួមទាំងប្រទេសសិង្ហបុរីផ្ទាល់។
លោក បាឡាគ្រីស្នាន បានសង្កត់ធ្ងន់ថា នៅពេលដែលជម្លោះប្រដាប់អាវុធ និង ភាពតានតឹងពាណិជ្ជកម្ម ពិសេសការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ ក្លាយជារបៀបវារៈកំពូលរបស់ពិភពលោកនោះ លោកបានចោទសួរថាតើប្រទេសតូចតាចអាចពឹងផ្អែកលើច្បាប់អន្តរជាតិបានទេ។
ឆ្លើយតបបញ្ហាក្តៅគគុកទាំងនេះ ប្រមុខការទូតសិង្ហបុរីរូបនេះ បានអះអាងថា ការកែទម្រង់អង្គការសហប្រជាជាតិ គឺជារឿងចាំបាច់ ដើម្បីការពារស្ថាប័នពិភពលោកមួយនេះឱ្យមានប្រសិទ្ធភាព ដោយលោកបានអំពាវនាវឱ្យស្ថាប័ននេះ ត្រួតពិនិត្យឡើងវិញនូវសិទ្ធិប្រើប្រាស់អំណាចវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខយូអិន។
លោក បាឡាគ្រីស្នាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី អំឡុងពេលបិទមហាសន្តិបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃអាទិត្យនេះថា បើទោះបីជាមានភាពតានតឹង និង ការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនៅតែជាវេទិកាតែមួយគត់ ដែលអ្នកគ្រប់គ្នាគួរតែមានវត្តមាន។
លោកថា ពីព្រោះសិង្ហបុរីជឿជាក់ថា ប្រព័ន្ធពហុភាគី និង ច្បាប់អន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅតែជាមធ្យោបាយដ៏ល្អបំផុត ពិសេសសម្រាប់រដ្ឋតូចៗ ដើម្បីថែរក្សាសន្តិភាព និង វិបុលភាពពិភពលោក៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

