ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ។

មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះ ជាការជួបជុំសមាជិក សមាជិកា នៃសមាគមអតីតតយុទ្ធជនកម្ពុជា ដោយមានតំណាងសមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានី ប្រមាណ ៤០០នាក់ចូលរួម ដើម្បីស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។

ក្នុងមហាសន្និបាតនេះ ឯកឧត្តម គតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅអនុវត្ដបន្ដរបស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។

ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹងផ្ដល់នូវរបាយការណ៍ ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។

សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មាននៅកម្ពុជា ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner